ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំនៅផ្លូវអន្ទង់អាំងតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា

    BY Nisaiy KN March 31, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំនៅផ្លូវអន្ទង់អាំងតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដីនៅផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។

    ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
    នាឱកាសនោះ សម្ដេចធិបតី បានឱ្យដឹងថា នៅកន្លែងផ្លូវអន្ទង់អាំង ស្រុកវាលវែង សម្ដេចសូមឱ្យពិនិត្យមើលដីប្រវែងដី៤គីឡូម៉ែត្រគត់ (ដោយវាស់ត្រង់) រក្សាឱ្យបានល្អ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។

    សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យពិនិត្រឡើងវិញ ដើម្បីកែសម្រួល អភិវឌ្ឍកម្រិតណាក្នុងប្រវែងដី៤គីឡូម៉ែត្រ ហើយសងខាងត្រូវទុកជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងទេសចរមកក្នុងស្រុកនិងក្រៅស្រុករាប់លាននាក់នៅតំបន់ភ្នំ១៥០០នេះ»។

    សម្ដេចធិបតីក៏បានណែនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ ធ្វើបច្ចុប្បន្នភាព និងធ្វើការងារជាក់ស្ដែងផ្សេងទៀត ពិសេសអាជ្ញាបណ្ណវិនិយោគអភិវឌ្ឍន៍ ដើម្បីបញ្ចៀសការប៉ះពាល់នៅទីនោះ។ សម្ដេចធិបតីបានបន្តថា ប្រសិនបើចង់វិនិយោគទេសចរណ៍ សូមអនុញ្ញាតឱ្យធ្វើនៅកន្លែងផ្សេងៗ ឬសូមធ្វើនៅហួសពីទីនោះ៕




    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: