រោងភាពយន្តលេជេន ត្រៀមបង្ហាញខ្លួនក្នុងផ្សារទំនើបដ៏ធំរបស់ក្រុមហ៊ុនអចលនទ្រព្យព្រីន
ដើម្បីជាសក្ខីកម្មដែលបង្ហាញអំពីភាពល្អប្រសើរនៃបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនខ្លាំងជាងមុន ក្រុមហ៊ុនអចលនទ្រព្យព្រីនបានរៀបចំអោយមានពិធីសន្និសិទកាសែតនិង ចុះហត្ថលេខានៃហាងសំខាន់ៗរបស់ ព្រីនអ៊ិនធើណាសិនណល ផ្លាសាដែលត្រូវបានរៀបចំឡើងនាព្រឹកនេះ នៅក្នុងអាគារព្រីនស៊ិនត្រល់ផ្លាសា កម្ពស់ ៣៧ជាន់មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ជាន់ទី៥ប៊ី។

ពិធីចុះហត្ថលេខានេះ នឹងបង្ហាញអោយសារធារណជនជាពិសេសវិនិយោគិនដទៃទៀតអោយឃើញពីសក្តានុពលរបស់អាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសាដែលមានលទ្ធភាពក្នុងការស្រូបទាញយកក្រុមហ៊ុនស្លាយីហោជាតិនិងអន្តរជាតិល្បីនិងធំៗ ដូចជា រោងភាពយន្តលេជេន, KFC, Domino’s, LOTTERIA, TOUR les jours, Burger Kings, Pizza Company, T&C, G2000, Brown Coffee, Croc PENSHOPPE, Swatch, ផ្សារទំនើបព្រីន, ភោជនីយដ្ឋាន ព្រីនស៊ុប, ហាងលក់សម្លៀកបំពាក់ ។ល។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ រោងភាពយន្តលេជេនក៏បានប្រកាសអំពីវត្តមានរបស់ខ្លួននៅក្នុងគម្រោងអាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសាដែលជាទីតាំងទី១១នៅក្នុងទីក្រុងភ្នំពេញ។ គួរអោយកត់សម្គាល់ជាងនេះទៅទៀតនោះ គិតត្រឹមដើមឆ្នាំ ២០១៩ រោងភាពយន្តលេជេន មានសរុប ៦ទីតាំងដូចជា លេជេនស៊ីធីម៉ល លេជេនធីឃេ លេជេនមានជ័យ លេជេនព្រីមមៀម លេជេនអេដិន និង លេជេនហេរីថេក វ៉ក (សៀមរាប)ដែលទើបតែសម្ពោធដាក់ដំណើរការជាផ្លូវការនៅដើមខែកុម្ភៈនេះ។ ហើយឆាប់ៗនេះ រោងភាពយន្តលេជេន មីតថោនដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ នឹងរំពឹងថានឹងដាក់អោយដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩នេះ។ ការប្រកាសអំពីវត្តរបស់រោងភាពយន្តលេជេននេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដែលនិយមគាំទ្ររោងភាពយន្តលេជេន។ បើតាមប្រសាសន៍លោក តែ សុងដែលជានាយកប្រត្តិបតរបស់រោងភាពយន្តលេជេន រោងភាពយន្តលេជេននឹងមានទីតាំងសរុបរហូតទៅដល់១០ ទីតាំងនៅត្រឹមចុងឆ្នាំ២០១៩នេះ និង១១ទីតាំងក្នុងឆ្នាំ២០២០ដោយបូកបញ្ចូលគម្រោងអាគារព្រីនអ៊ិនធឺណាស៊ិណលផ្លាសាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការប្រកាសបើកគម្រោងសាខាថ្មីៗរបស់រោងភាពលេជេន គឺជាកត្តាមិនអាចប្រកែកក្នុងការជម្រុញអោយមានភាពរីកចម្រើនរបស់វិស័យភាពយន្តក្នុងស្រុក។




