ឥណ្ឌូនេស៊ីសម្រេចចេញច្បាប់ហាមឃាត់ហ្គេម PUBG ហើយ ដោយសារហ្គេមនេះអាចធ្វើឲ្យក្មេងៗក្លាយជាភេរវករ
ឥណ្ឌូនេស៊ី៖ ខណៈពេលហ្គេម PUBG កំពុងតែល្បីល្បាញ និងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកនោះ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចេញច្បាប់ប្រឆាំងនឹងហ្គេមមួយនេះហើយ ក្រោយពិនិត្យឃើញថា ហ្គេមមួយនេះមានផលអវិជ្ជមានជាច្រើនចំណុច។ បើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះក្រុមប្រឹក្សា Ulema Council (ការិយាល័យមូស្លីមកំពូលប្រចាំឥណ្ឌូនេស៊ី) បានចេញសេចក្តី សម្រេចដែលបង្ហាញអំពីផលប៉ះពាល់ និងការហាមឃាត់ហ្គេមជាផ្លូវការហើយ និងរងចាំការត្រួតពិនិត្យ និងអនុម័តពី រដ្ឋាភិបាលតែប៉ុណ្ណោះ។

ជាទូទៅដំណើរការនៃការត្រួតពិនិត្យ និងអនុវត្តច្បាប់ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវការពេលវេលាប្រមាណជា ១ ខែ។ ផលអវិជ្ជមានរបស់ហ្គេម PUBG ដែលក្រុមប្រឹក្សា Ulema Council បាររកឃើញនោះគឺថា ហ្គេមនេះមានទំនោរជំរុញឲ្យក្មេងៗមានគំនិតហិង្សា បាញ់សម្លាប់នៅក្នុងខ្លួន និងអាចវិវឌ្ឍន៍ទៅជាក្រុមភេរវជនទៀតផង។ តាមការចុះផ្សាយព័ត៌មានកន្លងមកមិនមែនមានតែឥណ្ឌូនេស៊ីទេដែលមានច្បាប់ឃាត់ឃាត់ហ្គេមនេះមួយ ព្រោះកាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយអះអាងថា មានយុវជននៅក្នុងប្រទេសឥណ្ឌា ១៦ រូប ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទលេងហ្គេមនេះដោយខុសច្បាប់ដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts