ចាប់ខ្លួនជនជាតិចិនជាង១៦០នាក់នៅខេត្តសៀមរាប ជាប់សង្ស័យពាក់ព័ន្ធនឹងករណីភ្នាល់ល្បែងតាមអ៊ីនធឺណិត
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដោយមានការសម្របសម្រួលដឹកនាំនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត (Internet Game online) ចំនួន០២ទីតាំង ដែលស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានរកឃើញ និង ឃាត់ខ្លួនជនជាតិចិន សរុបចំនួន ១៦៣នាក់ ក្នុងនោះស្រីចំនួន ៤០នាក់ និង computer ប្រមាណ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស ។
បើតាមប្រសាសន៍របស់លោក ជា គឹមសាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុកផែនអន្ដោប្រវេសន៍ បានឱ្យដឹងថា ការរកឃើញជាជំហានដំបូង គឺ៩០ភាគរយនៃជនជាតិចិនទាំងនោះ ជាប់សង្ស័យពាក់ព័ន្ធនឹងការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងដំណើរការនីតិវិធី បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរបំភ្លឺ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


