ផ្លូវជាតិលេខ២១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់រវាងកម្ពុជា-វៀតណាម ពិសេសលើការដឹកជញ្ជូនទំនិញផ្សេងៗឆ្លងកាត់ព្រំដែនទៅវិញទៅមករវាងប្រទេសទាំង២
(ខេត្តកណ្ដាល)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ចំពោះផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
សម្រាប់ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀត ណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន៕



ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន