ស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានសមិទ្ធផលថ្មីជាផ្លូវជនបទចំនួន ២ខ្សែ មានប្រវែង ៣២,១០ គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមសហគម សម្រួលដល់ការធ្វើដំណើរ និងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ
(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានសមិទ្ធផលថ្មីជាផ្លូវជនបទចំនួន ២ខ្សែ មានប្រវែង ៣២,១០ គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមសហគម សម្រួលដល់ការធ្វើដំណើរ និងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ។

កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន២ខ្សែ ប្រវែង៣២,១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នៅក្នុងខេត្តកោះកុង ពោលគឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃបន្ថែម ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលមានជាអាទិ៍ ការសម្រួលដល់ការធ្វើដំណើរ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ការបង្កើនការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេស ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តំបន់ឆ្នេរ។
ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង, តំណាងធនាគារពិភពលោក ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ លោកយាយ លោកតា អ៊ំ ពូមីង លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស យុវជន ប្រមាណ ៨០០នាក់។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានយកឱកាសនេះសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅថ្ងៃនេះ តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា និងក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ក្នុងការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ ការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តនានា ជាពិសេសនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកោះកុង ចំពោះការយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តកោះកុង ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តកោះកុង ឆ្នាំ២០២១-២០២៥៕




ប្រភព៖ ក្រសួងព័ត៌មាន