ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលក្រុងសានយ៉ា នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលនឹងជួយជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយលោក Chen Xi អភិបាលក្រុងសានយ៉ា និងសហការីជាន់ខ្ពស់ក្រុង ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងសានយ៉ា ខេត្តហៃណាន។

ក្នុងជំនួបពិភាក្សាជាក់ស្តែង និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិទេសចរណ៍ លោកអភិបាលក្រុងសានយ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកកាន់ទីក្រុងសានយ៉ា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមដែលអាចទាក់ទាញភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជាកាន់តែច្រើនកុះករ។
ទន្ទឹមនឹងនេះ លោកអភិបាលក្រុង ក៏បានគូសបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុងសានយ៉ា ដែលត្រូវបានគេស្គាល់ថាជា “Hawaii នៃបូព៌ា” ដោយសារមានឆ្នេរសមុទ្រស្រស់ស្អាត អាកាសធាតុក្តៅពេញមួយឆ្នាំ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទំនើប។ សានយ៉ាក៏ជាគោលដៅសំខាន់សម្រាប់ទេសចរណ៍សម្រាកកម្សាន្ត ការទិញទំនិញរួចពន្ធ និងការវិនិយោគវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីផងដែរ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងទីក្រុងសានយ៉ា និងមន្ទីរទេសចរណ៍ខេត្តក្រុងដែលមានសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់រវាងទីក្រុងសានយ៉ា និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីសានយ៉ា ជួយផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក៏ដូចជាកម្មវិធី FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មានចិន និង Influencers ល្បីៗ ប្រចាំក្រុង មកទស្សនាស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ទីក្រុងសានយ៉ាន គឺជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាគោលដៅទេសចរណ៍ល្បីល្បាញរបស់ប្រទេសចិន និងតំបន់អាស៊ីផងដែរ។
កម្មវិធីទី១០ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងសានយ៉ា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦៕








ប្រភព៖ ក្រសួងព័ត៌មាន