មនុស្ស ៩០នាក់បានបាត់បង់ជីវិត និងជាង ១២០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅការដ្ឋានអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងក្នុងប្រទេសចិន
ចិន៖ យ៉ាងយោចណាស់មានមនុស្ស ៩០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅក្នុងការដ្ឋានអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែឧសភា។ ការដ្ឋានអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនេះមានឈ្មោះថា Liushenyu មានទីតាំងស្ថិតនៅក្នុងខេត្ត Shanxi ភាគខាងជើង នៃប្រទេសចិន។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅក្នុងពេលមានហេតុការណ៍ផ្ទុះហ្គាសនោះគឺមានកម្មករសរុបចំនួន ២៤៧នាក់កំពុងបំពេញការងារផ្សេងៗគ្នានៅក្នុងការដ្ឋានអណ្តូងរ៉ែធ្យូងថ្ម Liushenyu ហើយតែក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យកម្មករចំនួន ១២៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប្រភពខាលើបានបន្តថា ហេតុការណ៍ខាងលើនេះគឺជាគ្រោះថ្នាក់នៅក្នុងការដ្ឋានអណ្តូងរ៉ែធ្យូងថ្មដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសចិននោះបើគិតក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time