អភិបាលខេត្តប៉ៃលិន ប្រកាសវិធានការក្តៅ និងផាកពិន័យធ្ងន់ធ្ងរលើម្ចាស់ទីតាំងជួលស្នាក់នៅដែលទទួលភ្ញៀវអន្តរជាតិគ្មានឯកសារ និងជាប់ពាក់ព័ន្ធនឹងឆបោកតាមប្រព័ន្ធអនឡាញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយបានដាក់ចេញនូវបញ្ជាម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់នៅក្នុងខេត្ត។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលុបបំបាត់បទល្មើសបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដើម្បីការពារកិត្តិយសរបស់ខេត្ត និងប្រទេសជាតិទាំងមូល។

យោងតាមការបញ្ជាក់របស់លោកជំទាវអភិបាលខេត្ត រាល់ម្ចាស់ទីតាំងណាដែលទទួលភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារគតិយុត្តត្រឹមត្រូវ នឹងត្រូវប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ឬស្មើនឹង ១,០០០ ដុល្លារអាមេរិក) ក្នុងភ្ញៀវម្នាក់ ហើយទណ្ឌកម្មនេះត្រូវបានអនុវត្តលើទីតាំងមួយចំនួនរួចមកហើយ ដោយគ្មានការលើកលែងឡើយ។ បន្ថែមលើនេះ ក្នុងករណីរកឃើញថាមានការឃុបឃិត ឬសហការបើកឱ្យមានសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។
នៅក្នុងសារដដែលនោះ លោកជំទាវ បាន ស្រីមុំ បានសង្កត់ធ្ងន់ថា លោកជំទាវបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានសច្ចាជូនសម្តេចនាយករដ្ឋមន្ត្រី រួចរាល់ហើយ ក្នុងការបោសសម្អាតសកម្មភាព Scam Online ឱ្យអស់ពីខេត្តប៉ៃលិន និងពីកម្ពុជា ដើម្បីស្តារ និងលើកកម្ពស់មុខមាត់កិត្តិយសជាតិ ព្រមទាំងដើម្បីរៀបចំផ្ទះសម្បែងឱ្យមានភាពស្អាតស្អំ ក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរល្អៗ និងអ្នកវិនិយោគទុននាពេលខាងមុខ។
ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ទីតាំង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបញ្ឈប់រាល់ការអន្តរាគមន៍ ឬការប៉ុនប៉ងបិទបាំង និងបន្លំខ្លួនគ្រប់រូបភាព ហើយត្រូវងាកមកចូលរួមសហការជាមួយអាជ្ញាធរដើម្បីជួយដល់ប្រទេសជាតិ និងប្រមុខរាជរដ្ឋាភិបាល។
ជាចុងក្រោយ អាជ្ញាធរខេត្តក៏បានផ្តល់នូវលេខទូរស័ព្ទទាន់ហេតុការណ៍គឺ 0976263373 ដែលរង់ចាំទទួលព័ត៌មាន និងការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន