សាហាវមែន! ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ធ្វើការបាញ់ប្រហារបុរសម្នាក់ ដោយមិនដឹងមូលហេតុ ហើយនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព នៅប្លុកផ្សារសូរិយាម៉ល ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួស ដោយគ្រាប់កាំភ្លើងដួលក្នុងថ្លុកឈាម បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យប្រដាប់ដោយអាវុធខ្លី (មិនស្គាល់ម៉ាក) ចំនួន៣នាក់ ជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ផ្ទួនៗទៅលើជនរងគ្រោះ ដោយមិនដឹងមូលហេតុ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព នៅចំណុចមុខហ្គោលដេនសូរិយាម៉ល លើផ្លូវលេខ៥១(បាស្ទ័រ) ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែងមុខសូរិយាម៉លជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមករហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយក្រុមជនសង្ស័យ និងបក្ខពួកមានគ្នា៣នាក់នោះ បាននាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បីចោមរោមពេញកន្លែងកើតហេតុ ។
ភ្លាមៗនោះបុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចខាងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌដូនពេញ ចុះទៅពិនិត្យមើល និងប្រមូលយកសំបកគ្រាប់កាំភ្លើង ទុកធ្វើកំណត់ហេតុ ធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យផងដែរ ៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត