អ្នកវិទ្យាសាស្រ្តចិន៖ វ៉ាក់សាំងវីរុសកូវីដ-១៩ថ្មីមានប្រសិទ្ធភាពពេលតេស្ដលើសត្វស្វា
ការតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ថ្មីទៅលើសត្វស្វាឃើញថាអាចការពារសត្វស្វាពីការឆ្លងវីរុសនេះបាន ហើយវ៉ាក់សាំងថ្មីនេះនឹងធ្វើតេស្ដសាកល្បងទៅលើមនុស្សនៅដំណាក់កាលបន្ទាប់ នេះបើតាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្តកាលពីថ្ងៃទី២២ ខែមេសា។
វ៉ាក់សាំងនេះផលិតដោយក្រុមហ៊ុន Sinovac Biotech នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយវ៉ាក់សាំងមានផ្ទុកប្រភេទវីរុស SARS-CoV -2 ដែលបង្កជំងឺ COVID-19 ដែលមិនសកម្ម។ ការចាក់ចូលរាងកាយនូវវីរុស ដែលមិនសកម្មនេះវាធ្វើឲ្យវ៉ាក់សាំងនោះជួយជំរុញប្រព័ន្ធភាពស៊ាំដើម្បីបង្កើតអង់ទីករការពារភ្នាក់ងារបង្កជំងឺ កុំឲ្យបង្កទៅជាជំងឺ COVID-19 ។ នៅពេលប្រើវ៉ាក់សាំងនេះទៅលើសត្វកណ្ដុរ និងសត្វស្វា វ៉ាក់សាំងបានជួយដល់ការផលិតអង់ទីកររបស់សត្វទាំងនោះប្រឆាំងវីរុស។

បច្ចុប្បន្ននៅក្នុងការតេស្ដសាកល្បងលើមនុស្ស ក្រុមអ្នកវិទ្យាសាស្ត្រនឹងចាក់វ៉ាក់សាំងនេះទៅលើអ្នកចូលរួម១៤៤នាក់ដើម្បីតេស្ដមើលថាតើវ៉ាក់សាំងនេះមានសុវត្ថិភាពឬយ៉ាងណា។ បន្ទាប់ពីនេះនឹងឈានចូលការតេស្ដលើប្រសិទ្ធិភាពវ៉ាក់សាំងដោយចាក់ឲ្យអ្នកចូលរួមជាង១ ០០០នាក់ដើម្បីតេស្ដមើលថាតើអាចភ្ញោចប្រព័ន្ធភាពស៊ាំឲ្យឆ្លើយតបនឹងវីរុស COVID-19 ឬអត់។
ដើម្បីតេស្ដមើលថាវ៉ាក់សាំងអាចការពារប្រភេទផ្សេងៗនៃវីរុស COVID-19 ក្រុមអ្នកវិទ្យាសាស្ត្របានប្រមូលសំណាកអង់ទីករពីសត្វកណ្តុរ និងតេស្ដជាមួយយមេរោគ យកចេញពីអ្នកជំងឺនៅប្រទេសចិន ប្រទេសអ៊ីតាលី ប្រទេសអេស្ប៉ាញ ប្រទេសស្វីស និងប្រទេសអង់គ្លេស ហើយគេរកឃើញថាវ៉ាក់សាំងនេះអាចបង្កើតអង់ទីករដែលអាចការពារប្រភេទផ្សេងៗនៃវីរុសកូវីដ១៩ បាន។
ក្រោយពីការតេស្ដនេះ អ្នកវិទ្យាសាស្រ្តបានតេស្ដវ៉ាក់សាំងនេះលើសត្វស្វាដែលមានរោគសញ្ញាវីរុស COVID-19 នៅពេលឆ្លងវីរុសនេះ។ សត្វស្វាដែលបានចាក់វ៉ាក់សាំងនេះក្នុងកម្រិតខ្ពស់គឺមានការការពារប្រឆាំងនឹងការឆ្លងវីរុសនេះ និងមិនមានឃើញវីរុស COVID-19 នៅក្នុងសួត ឬបំពង់កទេ។
ក្រុមអ្នកវិទ្យាសាស្ត្រ Sinovac បានរកឃើញថាសត្វស្វាដែលចាក់វ៉ាក់សាំងនេះគឺមិនមានផលប៉ះពាល់ដូចជាគ្រុនក្ដៅ ស្រកទម្ងន់ ឬអាការៈដែលរាងកាយប្រតិកម្មខ្លាំងទៅនឹងវីរុសក្រោយចាក់វ៉ាក់សាំងដែលគេហៅថា antibody dependent enhancement (ADE)។ ទោះបីជាវ៉ាក់សាំងនេះអាចការពារមនុស្សពីការឆ្លងវីរុស COVID-19 ក៏អ្នកវិទ្យាសាស្រ្តនៅមិនប្រាកដថាតើការការពារនេះអាចបានយូរប៉ុណ្ណាទេ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ