ទេសចរណ៍

កុំភ្លេចទៅលេង! រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» រយៈពេលបីថ្ងៃ បួនយប់ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

BY
srey nuch
April 14, 2022

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១ រយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជទាវ លាង ហៃ ជាវតាយ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងក្រុមយុវជនយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ជូនទស្សនាកំសាន្តផងដែរ៕

ប្រភព៖ Pursat Provincial Hall

Share This Post: