សិល្បៈ

មកស្គាល់ប្រវត្តិខ្លះៗនៃតួអង្គ Power Ranger ពណ៌លឿងរូបនេះថា តើជានរណា?

BY
Naren
September 14, 2022

Thuy Trang កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៣ ជាតារាសម្ដែងជនជាតិអាមេរិកដើមកំណើតវៀតណាម។ នាងត្រូវបានគេស្គាល់ថាជាតួ Trini Kwan ដែលជា Power Ranger ពណ៌លឿង ក្នុងរឿងភាគទូរទស្សន៍ Mighty Morphin Power Rangers ឆ្នាំ១៩៩៣ ។ ឪពុករបស់ Trang គឺជាមន្ត្រីកងទ័ពវៀតណាម បន្ទាប់ពីការដួលរលំនៃទីក្រុងសៃហ្កន Trang និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ពួកគេនៅពេលនាងមានអាយុ២ឆ្នាំ ដោយបានជិះកប៉ាល់ដឹកទំនិញទៅកាន់ទីក្រុងហុងកុងដោយសម្ងាត់ជាមួយប្រជាជនវៀតណាមរាប់រយនាក់ផ្សេងទៀតក្នុងគោលបំណងទៅដល់សហរដ្ឋអាមេរិក។ Trang និងគ្រួសាររបស់នាងបានរស់នៅក្នុងជំរុំនៅហុងកុង ហើយទីបំផុតបានទៅដល់រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ១៩៨០។ នាងបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ California ដើម្បីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល ប៉ុន្តែនាងក៏បានងាកចាប់អាជីពទៅការសម្ដែង។

បន្ទាប់ពីចូលរួមបង្ហាញខ្លួនជាច្រើនលើកផ្តួលអ្នកចូលរួមជម្រុះប្រហែល៥០០នាក់ Trang ត្រូវបានជ្រើសរើសឱ្យសម្តែងក្នុងក្នុងរឿងភាគ Mighty Morphin Power Rangers ជារឿងភាគធំលើកដំបូងនៃអាជីពសម្តែងរបស់ខ្លួន។ Trang បានបង្ហាញខ្លួនក្នុងរឿងនេះប្រមាណ ៨០ភាគនៃរដូវកាលទីមួយ និង ២០ភាគដំបូងនៃរដូវកាលទី២។  នាងបានសម្តែងក្នុងឈុតវាយប្រហារដោយខ្លួនឯង និងបានរងរបួសម្តងហើយម្តងទៀតនៅក្នុងឈុតសម្តែង។

ទោះយ៉ាងណា Trang បានចាកចេញពីការសម្តែងរឿងភាគ Mighty Morphin Power Rangers នៅពាក់កណ្តាលរដូវកាលទី២ ដោយសារតែជម្លោះកិច្ចសន្យា និងការទូទាត់ថ្លៃខ្លួន ហើយត្រូវបានជំនួសដោយតារាសម្តែង Karan Ashley ជា Yellow Ranger ។ នាងក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្ត Spy Hard (1996) ហើយបានដើរតួជាតួអង្គចិត្តអាក្រក់ម្នាក់នៅក្នុងខ្សែភាពយន្ត The Crow: City of Angels (1996)។ Trang គ្រោងនឹងបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើនទៀត ប៉ុន្តែជាអកុសល Trang បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងវ័យទើបតែ២៧ឆ្នាំ នៅឆ្នាំ២០០១៕

ប្រភព៖ Thefamouspeople

Share This Post: