បច្ចេកវិទ្យា

កិច្ចប្រជុំកំពូលផ្នែកទីផ្សារក្រុមហ៊ុន Meta ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍទីផ្សារកាន់តែរីកចម្រើន

BY
Liny Chan
September 17, 2022

កិច្ចប្រជុំកំពូលផ្នែក ទីផ្សារប្រចាំឆ្នាំ របស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេច សម្រាប់ អនាគត

ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួន ទៅ កាន់បណ្ដាប្រទេសជាច្រើនទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមានបង់ក្លាដែសកម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បី ស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា និងនិន្នាការ ដែលជះឥទ្ធិពលដល់អាជីវកម្មរបស់យើងនាពេលបច្ចុប្បន្នដូចជា កម្មវិធីផ្ញើសារ សម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស និងការធ្វើទីផ្សារ (Metaverse & Marketing), វិធីសាស្ដ្រលក់លើអនឡាញ ដោយណែនាំផលិតផលជូនដល់ភ្ញៀវ (Discovery Commerce), អ្នកបង្កើតមាតិកាសម្រាប់អាជីវកម្ម (Creators for Business) និងផ្សេងៗ ទៀត។ កិច្ចប្រជុំកំពូលដែលជាព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទីបួន នៅតំបន់អាស៊ីអាគ្នេយ៍ នឹងពង្រីកវិសាលភាពទៅកាន់ ប្រទេស ទាំងនេះ ជាលើកដំបូងនាឆ្នាំនេះ។

កិច្ចប្រជុំកំពូលនេះ នឹងមានការថ្លែងសុន្ទរកថា បើកដោយលោកស្រី Michelle Klein ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារជំនួញ សកល និងលោក Benjamin Joe អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារកំពុងអភិវឌ្ឍរបស់ក្រុមហ៊ុន Meta ដែលនឹងថ្លែង អំពីអនាគតនៃចក្រវាឡ និម្មិត metaverse និងឱកាសសម្រាប់អាជីវកម្ម ហើយអំពីរបៀបដែលក្រុមហ៊ុន Meta កំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី metaverse តាមរយៈកិច្ចសហការជាមួយដៃគូឧស្សាហកម្មអ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ។

បន្ទាប់ពីថ្លែង បើកកម្មវិធីលោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយកគោលនយោបាយសាធារណៈសម្រាប់ទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់ ក្រុមហ៊ុន Meta នឹងថ្លែងអំពីគំនិតស្នូលរបស់ក្រុមហ៊ុន Meta ក្នុងការបង្កើតផលិតផល ដែលដើរតួជាស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនង ស្វែងរកសហគមន៍ និងបង្កើនអាជីវកម្មកាន់តែរីកចម្រើនពោលគឺជាចំណុចប្រសព្វដែលអាជីវកម្ម និងសហគមន៍ជួបគ្នា។ អ្នកទាំងពីរ ក៏ នឹងចែករំលែកគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើន ចំណេះដឹងផ្នែកឌីជីថល និងការផ្លាស់ប្តូរទាំងស្រុងសម្រាប់ អាជីវកម្មបែបទីផ្សារកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងនេះ ក៏ដូចជាបង្ហាញឱ្យកាន់តែច្បាស់នូវអាជីពដ៏គួរជាទីចាប់អារម្មណ៍ ដែលកែសម្រួល គំរូអាជីវកម្មរបស់ខ្លួនដើម្បីសម្របទៅនឹងបញ្ហាប្រឈមនានា។

លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើង មានក្តីរំភើបរីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលផ្នែកទីផ្សារ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នៅប្រទេសកម្ពុជានាឆ្នាំនេះ។ ប្រធានបទ កិច្ចប្រជុំកំពូលរបស់យើងឆ្នាំនេះគឺ ‘នៅពេលដែលថ្ងៃនេះ ជួបថ្ងៃស្អែក (Where today meets tomorrow)’ ដែលយើងនឹងពិភាក្សា អំពីនិន្នាការអភិវឌ្ឍ និងបច្ចេកវិទ្យាសំខាន់ៗ ដើម្បីជួយក្រុមហ៊ុនអាជីវកម្ម និងសហគមន៍ក្នុងការស្វែងរក ឱកាសឱ្យអាជីវកម្មរបស់ ពួកគេរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ គឺជាឱកាសដ៏គួរឱ្យរំភើបមួយសម្រាប់ការដោះដូរ គំនិត និង កាន់តែស៊ីជម្រៅក៏ដូចជា បង្កើតទំនាក់ទំនង ដ៏មានអត្ថន័យជាមួយអ្នកផ្សេងទៀត និងជួយឱ្យពួកគេដោះស្រាយបញ្ហាប្រឈម នៅថ្ងៃស្អែក»។

ថ្នាក់ដឹកនាំផ្នែកទីផ្សារលំដាប់ពិភពលោក និងក្នុងតំបន់ដូចជា លោកស្រី Eva Chen អគ្គនាយករងផ្នែក Fashion Partnerships របស់ក្រុមហ៊ុន Meta និងលោក Gary Vaynerchuck អគ្គនាយកក្រុមហ៊ុន VaynerX និងជានាយកប្រតិបត្ដិ ក្រុមហ៊ុន VaynerMedia ក៏នឹងចូលរួមផងដែរ ដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗដូចជា៖

● ការតភ្ជាប់ទំនាក់ទំនងតាមរយៈ Discovery Commerce៖ សារៈសំខាន់នៃការស្វែងរកអតិថិជនតាមរយៈការច្នៃប្រឌិត និង របៀបដែលក្រុមហ៊ុន អាជីវកម្ម អាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ តាមរយៈបទពិសោធផ្ទាល់ខ្លួនដោយប្រើប្រាស់ ឧបករណ៍ និងបច្ចេកវិទ្យាដែលត្រឹមត្រូវ។
● លើកកម្ពស់ភាពជោគជ័យរបស់សហគ្រិន៖ របៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ផ្តល់អំណាចដល់ក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យមនៅទូទាំងឧស្សាហកម្ម ចម្រុះ ដើម្បីនវានុវត្ដផ្សារភ្ជាប់ទំនាក់ទំនង និងរីកចម្រើនប្រកបដោយនិរន្តរភាព
● ការបំផុសគំនិតច្នៃប្រឌិតលើបណ្តាញសង្គម៖ របៀបដែលម៉ាកយីហោ និងអ្នកបង្កើតមាតិកាអាចប្រើប្រាស់ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងនិរន្តរភាពជាមួយអ្នកផ្សេងទៀត តាម រយៈបទពិសោធរៀបរាប់រឿង រ៉ាលម្អិត និង សំបូរបែប។

កិច្ចប្រជុំកំពូលផ្នែក ទីផ្សាររបស់ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងតាមអនឡាញហើយ លោកអ្នកអាចជ្រើសរើសរបៀបនៃ ការចូលរួមក្នុងកិច្ចប្រជុំនេះ បានតាមជម្រើស បីប្រភេទដូចខាងក្រោម៖
● ទីមួយលោកអ្នកអាចមើលកិច្ចប្រជុំពេញលេញនៅថ្ងៃស្អែកនេះ ជាមួយកម្មវិធីនៅលើកុំព្យូទ័រដូចជា កម្មវិធី សំណួរ និង ចម្លើយផ្ទាល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Meta ក្នុងការឆ្លើយសំណួររបស់លោកអ្នក។
● ទីពីរប្រសិនបើលោកអ្នកចង់មើលតែ វគ្គជាក់លាក់ណាមួយ ឬ ការរុករកអ្វីផ្សេងៗទៀត លោកអ្នកអាចចូលទៅកាន់ បណ្ណាល័យ Watch Anytime របស់យើង ដែលលោកអ្នកចូលទៅប្រើប្រាស់មាតិកាគ្រប់បែបយ៉ាង ។
● ទីបី ប្រសិនបើលោក អ្នកមិនមានពេលវេលា ឬ កំពុងធ្វើដំណើរលោកអ្នកអាចស្តាប់ផតខាសត៍ (podcasts) របស់យើង បានជាមួយនឹងការសង្ខេបខ្លីៗអំពីមាតិកាសំខាន់របស់យើង។

ជម្រើសទាំងនេះមាននៅលើ គេហទំព័រ របស់កិច្ចប្រជុំកំពូលផ្នែក ទីផ្សាររបស់ក្រុមហ៊ុន Meta នៅប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

Share This Post: