ព័ត៌មានជាតិ

តម្លៃប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចន្លោះពី ១២ដុល្លារ ដល់ ៦០ដុល្លារ ទៅតាមប្រភេទយានយន្តទាំង ៥នេះ

BY
srey nuch
September 21, 2022

រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១-៣១ ខែតុលា ឆ្នាំ២០២២ (ធ្វើដំណើរឥតគិតថ្លៃរយៈពេល១ខែ)ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីតារាកម្រៃទូទាត់លើមធ្យោបាយ ធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូចខាងក្រោម៖

ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់ ៥តោន តម្លៃ ០.១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០.១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី៣៖ រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់ ១០តោន តម្លៃ ០.១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.២៤ដុល្លារ។

ប្រភេទទី៤៖ រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០.២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៣២ដុល្លារសម្រាប់មួយគីឡូម៉ែត្រ។

ប្រភេទទី៥៖ រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០.៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តម្លៃកំណត់ខាងលើនេះ នៅមានកម្រិតទៀបជាងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ ក្នុងដំណើរអញ្ជើញចុះពិនិត្យចុងក្រោយលើការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សូមជម្រាបថា ជាមធ្យមមួយគីឡូម៉ែត្រគេយក ១០សេន ទៅ ១២សេន តែយើងយកតែ ៨សេនទេ» ៕

ប្រភព៖ លោក ​Borei Wongsanith

Share This Post: