Der Daily

ថៅកែបុកល្ហុងបំពង «តៀមម្ទេស» និយាយថាដើម្បីឱ្យអាជីវកម្មមួយដំណើរការបានរលូន មិនត្រឹមតែម្ហូបឆ្ងាញ់មានរសជាតិទេ ក៏ត្រូវតែមានបុគ្គលិកដែលមានភាពស្មោះត្រង់

BY
Naren
October 10, 2022

(ភ្នំពេញ)៖ បើកដំណើរការអាជីវកម្មអាហារមួយៗមិនងាយស្រួលឡើយ ពោលគឺត្រូវគ្រប់គ្រង់ដំណើរការនីមួយៗ ដូចជាផ្សំគ្រឿងទេស គ្រប់គ្រងហិរញ្ញវត្ថុ វិធីសាស្ត្រទីផ្សារទាក់ទាញភ្ញៀវ និងជាពិសេសប្រសិនបើបើកមានសេវាកម្មវិញទៀតនោះក៏ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួនតែម្តង ព្រោះពួកគេជាផ្នែកធំមួយដើម្បីឱ្យអាជីវកម្មដំណើរការរលូនទៅមុខ។

ថ្ងៃនេះ «ដើរសួរ» ក៏បានសាកសួរថៅកែហាងបុកល្ហុងបំពង «តៀមម្ទេស» ឈ្មោះលោក មង្គល កក្កដាដែលតាមពិតទៅលោកមានបងប្អូនម្នាក់ទៀតដែលចូលហ៊ុនបើកតៀមម្ទេសមួយនេះ។ លោកបានចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងការបើកអាជីវកម្មទាំងនៅវ័យក្មេង ក៏ដូចជាការគ្រប់គ្រងបុគ្គលិកជាដើម។ លោក បានឱ្យដឹងថា ទោះបីជាលោកមានវ័យក្មេងមែនប៉ុន្តែបទពិសោធន៍នៅក្នុងសង្គមលោកបានប្រឡូកបានច្រើន ដូច្នេះជាហេតុធ្វើឱ្យខ្លួនចេញប្រកបរបររកស៊ីដោយខ្លួនឯង លោកថាការរកស៊ីបែបនេះលោកស្រលាញ់ បើសិនជាមិនចាប់ឱកាសពីក្មេងទេនោះ លោកខ្លាចបាត់បង់ឱកាស ហើយលោកទទួលបានបទពិសោធន៍ច្រើន។
ក្នុងនាមជាថៅកែ ម្ចាស់ហាងមួយរូប ដើម្បីឱ្យហាងមួយដំណើរការបានរលូន ក៏ត្រូវតែមានបុគ្គលិកដែលមានភាពស្មោះត្រង់ ហើយលោកមិនដែលចាត់ទុកបុគ្គលិករបស់ខ្លួនជាខ្ញុំបម្រើ លោកចាត់ទុកដូចជាគ្រួសារ ជាប្អូន ពោលគឺ ក្នុងនាមជាថៅកែម្នាក់ លោកតែងតែធ្វើការណែនាំបង្ហាត់បង្រៀន រាល់ពាក្យសម្តី និងការបម្រើសេវាកម្មឱ្យភ្ញៀវ។ លោកតែងតែស្តាប់ការបញ្ចេញមតិរបស់បុគ្គលិក ដើម្បីបានគំនិតពីក្មេងៗ។

ក្រៅពីនេះលោកក៏បានប្រាប់ពីការលំបាកនៅពេលបើកដំបូង ដោយសារបទពិសោធន៍នៅខ្ចី លក់មិនសូវដាច់ កម្រៃរកមិនសូវបានច្រើន មួយទៀតទើបតែបើកភ្លាមមិនប្រាកដថាមានអតិថិជនច្រើនដូចការរំពឹងទុកឡើយ ដូច្នេះលោកត្រូវទាក់ទាញ សន្សំភ្ញៀវបានយ៉ាងហោចណាស់ក៏រយៈពេល២ទៅ៣ឆ្នាំដែរ (វិធីសាស្ត្រ ត្រូវច្នៃម៉ឺនុយ កែរសជាតិជាដើម)។
ក្នុងការបើកហាង២នាក់បងប្អូន ចូលរួមទុនជាមួយគ្នា លោកជួបអត្ថប្រយោជន៍ច្រើន ដូចជា លោកមានភាពជាដៃគូ មានការពិភាក្សាគ្នា ចំពោះការគ្រប់គ្រងហាង បុគ្គលិក ហិរញ្ញវត្ថុ និងរសជាតិនៃអាហារ។ លោកថា ប្រសិនជាបើកហាងតែម្នាក់ឯងយើងមានចំនូលមូល ប៉ុន្តែយើងនឹងជួបការលំបាកច្រើនក៏ព្រោះតែយើងមានភាពលំបាកក្នុងការគិត ប្រសិនជាមានដៃគូសហការដែលយើងទុក្ខចិត្ត នៅជាមួយគ្នាបានយូរ យើងគួរតែមានដៃគូក្នុងការបើកហាង មានអត្ថប្រយោជន៍ច្រើនយើងផ្តល់យោបល់គ្នាទៅវិញទៅមក ដើម្បីឱ្យកន្លែងមួយដើរ។
សម្រាប់អ្នកមានចំណូលចិត្ត និង ចង់ទទួលទានរសជាតិបុកល្ហុងបំពងដែលជាម៉ឺនុយប្រចាំហាង ឬក៏មុខម្ហូបភ្លា អាំងផ្សេងទៀត អាចមកសាកល្បងបាននៅ ហាង «តៀមម្ទេស» ដែលលោក មង្គល កក្កដា និងបុគ្គលិកលោក បានបើកលក់ពីម៉ោង ៥ល្ងាចតទៅ ដោយទីតាំងនៅផ្លូវណតប្រីត ក្បែររបងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសាកលវិទ្យាល័យកម្ពុជា លោកអ្នកនឹងឃើញរទេះរុញខ្នាតតូចមួយបញ្ឈរនៅលើបណ្តាយផ្លូវនៅទីនោះ ដោយមានដាក់តុតូចៗសម្រាប់អ្នកចង់ទទួលទាននៅនឹងកន្លែងឬ អាចទាក់ទងបានតាមទូរស័ព្ទលេខ 098 619 629៕

Share This Post: