ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ចម្ងល់មហាជន ដែលសួរថា “ហេតុអ្វីបានជាផ្លូវល្បឿន លឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?”

BY
srey nuch
September 23, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានអញ្ជើញចុះពិនិត្យ និងធ្វើដំណើរសាកល្បងនៅពេលយប់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ដោយឡែក ក្រសួងសាធារណការ បានឆ្លើយតបនឹងចម្ងល់បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនបានចោទជាសំណួរថា៖ “ហេតុអ្វីបានជាផ្លូវល្បឿនលឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?”

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះថា៖ នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។ ដូចគ្នានេះដែរ បើទោះបីផ្លូវល្បឿនលឿនមួយខ្សែថ្មីរបស់កម្ពុជាយើងនេះ មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ។ បើសិនជាបងប្អូនគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវល្បឿនលឿន នោះការបើកបរពិតជាមានសុវត្ថិភាព មិនថាពេលយប់ ឬពេលថ្ងៃឡើយ

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: