អន្តរជាតិ

ធនាគារជាតិថៃបោះពុម្ពប្រាក់ក្រដាស ២០បាតខុសបច្ចេកទេស តែប្រាប់កុំឲ្យពលរដ្ឋមានការព្រួយបារម្ភនោះអី

BY
Pheakdey
September 30, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ធនាគារជាតិថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថាបានបោះពុម្ពប្រាក់ក្រដាស ២០បាត ដោយមានកំហុសបច្ចេកទេស ខណៈក្រដាសប្រាក់ទាំងអស់នោះបានដាក់ឲ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការរួចទៅហើយ។ យ៉ាងណាក្តី ធនាគារជាតិថៃបានប្រាប់មិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភនិងសោកស្តាយដែលកំពុងប្រើប្រាស់ឬរក្សាទុកក្រដាសប្រាក់ដែលបានបោះពុម្ពខុសនោះទេ ដ្បិតអាជ្ញាធរថៃនឹងទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសដ៏ធំមួយនេះ ដោយមិនបង្កឲ្យមានកាខាតបង់ចំពោះប្រជាពលរដ្ឋណាម្នាក់ឡើយសូម្បីតែមួយបាត។

បើតាមលោកស្រី Wachira Aromdee ដែលជាទេសាភិបាលរងធនាគារកណ្តាលថៃបានបញ្ជាក់ថា ​ក្រដាសប្រាក់ដែលមានកំហុសបច្ចេកទេសនោះត្រូវបានបោះពុម្ពដោយក្រុមហ៊ុន De La Rue International Limited (DLR) ខណៈកំហុសដែលមាននៅលើក្រដាសប្រាក់នោះគឺលេខស៊េរីរបស់ក្រដាសប្រាក់ដែលបានសរសេរជាលេខថៃមានតួលេខខុសគ្នាទៅនឹងលេខដែលបានសរសេរជាលេខអង់គ្លេស ពោលគឺនៅលើក្រដាសប្រាក់តែមួយមានលេខស៊េរី ២ផ្សេងគ្នារវាងលេខជាតិនិងលេខអន្តរជាតិ។

លោកស្រី Wachira Aromdee បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះពលរដ្ឋទូទៅនៅតែអាចបន្តប្រើប្រាស់ក្រដាសប្រាក់ដែលមានលេខស៊េរីខុសគ្នានោះបានជាធម្មតាឬពួកគេអាចទៅប្តូរយកក្រដាសប្រាក់ផ្សេងទៀតបាននៅតាមធនាគារទូទាំងប្រទេសថៃ ហើយធនាគារជាតិថៃនឹងប្រមូលយកក្រដាសប្រាក់ខុសទាំងអស់នោះមកវិញដើម្បីបញ្ឈប់ការប្រើប្រាស់នៅពេលខាងមុខ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: