អន្តរជាតិ

BREAKING! រសៀលម៉ោង ៣ ថ្ងៃនេះ តុលាការ​ធម្មនុញ្ញ​របស់ថៃនឹងប្រកាស​សាលក្រមលើរឿងក្ដី​របស់លោក ប្រាយុទ្ធ ចាន់អូចា

BY
autoadmin
September 30, 2022

តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាស​សាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។

ប៉ូលីសមកពីស្ថានីយ៍ Thung Song Hong ក៏បានបង្កើតប៉ុស្តិ៍បញ្ជាការនៅជាន់ផ្ទាល់ដីរបស់អគារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលរបាំងដែកចល័តត្រូវបានដំឡើងនៅជុំវិញបរិវេណនោះផងដែរ។ ចំណែកចៅក្រម​តុលាការ​ធម្មនុញ្ញ ក៏​បានបើកការប្រជុំ​ចាប់ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​លើ​សំណុំរឿង និង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ដែល​នឹង​ត្រូវ​ចេញ​នៅ​ម៉ោង ៣ រសៀលនេះ។ សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញចែកចាយវីដេអូ​ YouTube របស់​ការិយាល័យ​តុលាការ​ធម្មនុញ្ញ​នៅ​ https://www.youtube.com/c/สํานักงานศาลรัฐธรรมนูญ​ ។

រំលឹកផងដែរថា តុលាការធម្មនុញ្ញាថៃ កាលពីថ្ងៃទី២៤ ខែសីហា បានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ បន្ទាប់ពីទទួលយកញត្តិរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យមានការសម្រេចថា តើលោក ប្រាយុទ្ធ បានឈានដល់កាលកំណត់របស់រដ្ឋធម្មនុញ្ញ ដែលបានចែងថា នាយករដ្ឋមន្រ្តីអាចកាន់តំណែងតែ ២ អាណត្តិ ឬ ៨ឆ្នាំ ដែរ ឬទេ។ ជាក់ស្ដែងលោក ប្រាយុទ្ធ បានចូលកាន់តំណែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធាដែលគាត់បានដឹកនាំ នៅក្នុងខែឧសភា ឆ្នាំដដែលនោះ ហើយវាគឺគ្រប់ ៨ឆ្នាំ នៅចំថ្ងៃព្យួរតំណែងរបស់លោកផ្ទាល់តែម្ដង។ ទោះយ៉ាងណាក៏ដោយ លោកបានអះអាងថា អាណត្តិរយៈពេល ៨ឆ្នាំ របស់លោក គួរតែត្រូវបានរាប់ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានប្រកាសឱ្យប្រើ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: