អន្តរជាតិ

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ទៀត នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ

BY
Khmernote Media
October 1, 2022

មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ កាលពីព្រឹកថ្ងៃសៅរ៍នេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ពីទីក្រុង Sunan ជិតរដ្ឋធានី Pyongyang ចន្លោះម៉ោង ៦:៤៥ និង ៧:០៣ ព្រឹក។ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគពីចម្ងាយធ្វើដំណើរ និងរយៈកម្ពស់របស់មីស៊ីល។

កូរ៉េ​ខាង​ជើង​ក៏​បាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២គ្រាប់ ចេញ​ពី​ Sunan ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន​កាល​ពី​ថ្ងៃ​ពុធ ដែលនាំឱ្យវាក្លាយជាការបាញ់បង្ហោះលើកទី ២២ ក្នុងឆ្នាំនេះ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រហែល ៤ ឆ្នាំ។ ជាក់ស្ដែងសប្តាហ៍នេះ ពួកគេបានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រជប៉ុនរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃព្រហស្បតិ៍។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អនុប្រធានាធិបតី​អាមេរិកលោកស្រី Kamala Harris បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​គ្មាន​យោធា ដែល​បែង​ចែក​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ US News

Share This Post: