បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវអាជ្ញាធរប្រេស៊ីលផាកពិន័យ ១៩លានដុល្លារ ពីបទ លក់ទូរស័ព្ទគ្មានឆ្នាំងសាក

BY
Khmernote Media
October 17, 2022

តុលាការរដ្ឋ São Paulo របស់ប្រទេសប្រេស៊ីល បានកាត់ក្តីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងពិន័យជាប្រាក់ចំនួន ១០០ លានរៀល (REAL) ឬ ១៩លានដុល្លារ នៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយសមាគមអ្នកប្រើប្រាស់ប្រេស៊ីល។ លើសពីនេះ តុលាការបានបញ្ជាឱ្យ Apple ផ្គត់ផ្គង់អតិថិជនទាំងអស់ក្នុងប្រទេសប្រេស៊ីល ដែលបានទិញយក iPhone 12 ឬ 13 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងឆ្នាំងសាក ក៏ដូចជាចាប់ផ្តើមបញ្ចូលឆ្នាំងសាកនៅក្នុងការបញ្ជាទិញថ្មីៗ។ យ៉ាងណា ក្រុមហ៊ុន Apple បានប្រាប់អង្គភាពព័ត៌មានថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។

យោងតាមសារព័ត៌មាន Barron បានឱ្យដឹងថា ចៅក្រមដែលទទួលបន្ទុកសំណុំរឿង បានហៅការមិនដាក់បញ្ចូលឆ្នាំងសាកក្នុងការទិញទូរស័ព្ទថាជា «សកម្មភាពបំពាន» ដែលតម្រូវឱ្យអ្នកប្រើប្រាស់ទិញផលិតផលទី២ ដើម្បីអាចឱ្យផលិតផលដំបូងដំណើរការបាន។ គួរឱ្យដឹងដែរថា Apple មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​ប្រេស៊ីល​ជុំវិញ​បញ្ហា​នេះ​មួយ​រយៈ​មក​ហើយ ដោយនៅឆ្នាំ២០២១ ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ São Paulo Procon-SP បានពិន័យ Apple ប្រហែល ២ លានដុល្លារ សម្រាប់ការដកឆ្នាំសាកចេញពី iPhone 12 ដោយសារ វាបំពានលើក្រមការពារអ្នកប្រើប្រាស់របស់ប្រទេសប្រេស៊ីល។

កាលពីខែកញ្ញាកន្លងទៅ ក្រសួងយុត្តិធម៌របស់ប្រទេសប្រេស៊ីលក៏បានចេញបញ្ជាដែលហាម Apple មិនឱ្យលក់ iPhone ដែលមិនភ្ជាប់មកជាមួយឆ្នាំងសាក។ វាក៏បានពិន័យក្រុមហ៊ុនចំនួន ២.៣៨ លានដុល្លារផ្សេងទៀត និងបានបញ្ជាឱ្យលុបចោលការចុះឈ្មោះ iPhone 12 ជាមួយទីភ្នាក់ងារទូរគមនាគមន៍ជាតិរបស់ប្រទេសប្រេស៊ីល។ បញ្ហានេះក្រុមហ៊ុន Apple ក៏កំពុងប្តឹងឧទ្ធរណ៍ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: