បច្ចេកវិទ្យា

ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 ស៊េរីមួយនេះ ដោយសារតម្រូវការតិចជាងការរំពឹងទុក

BY
Khmernote Media
October 19, 2022

ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមការនាំចេញរបស់ខ្លួន បន្ទាប់ពីបានវាយតម្លៃឡើងវិញនូវចំនួនតម្រូវការសម្រាប់ម៉ូដែលកម្រិត mid-range មួយនេះ។ បើយោងតាមទីភ្នាក់ងារ The Information ដែលដកស្រង់ពីប្រភពពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនយ៉ាងហោចណាស់ ១ នៅក្នុងប្រទេសចិន ឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់សម្រាប់ iPhone 14 Plus ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះ ៩% នៅក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys របស់សិង្ហបុរី។ យ៉ាងណាក៏ដោយ Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយពីរ៉យទ័រ​នោះទេ។

គួរឱ្យដឹងដែរថា ទូរសព្ទ iPhone 14 Plus ដែល​ជា​ចំណែកមួយនៃ​គ្រួសារ​ iPhone 14 ស៊េរីថ្មី ត្រូវបានគេបង្ហាញវត្តមាន កាលពីថ្ងៃ​ទី០៧ ខែ​កញ្ញា ហើយវាគឺជាប្រភេទមធ្យមដែល​ធូរថ្លៃជាង iPhone Pro ខណៈការ​ដឹក​ជញ្ជូន​របស់វាបានចាប់ផ្ដើម​ កាលពី​ថ្ងៃ​ទី០៧ ខែ​តុលា កន្លងទៅនេះ។ កាលពីខែមុន Apple ក៏បានលុបចោលនូវផែនការក្នុងការបង្កើនការផលិតទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួន ដោយសារតែការរំពឹងទុករបស់ខ្លួនហ៊ាក់មិនអាចសម្រេចបានទេ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: