កូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ គឺអត់មានអ្នកឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយនាក់

BY
srey nuch
October 21, 2022

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែតុលានេះ គឺគ្មានអ្នកកើតកូវីដ១៩ទេ។ សំឡេង៖ “ឆ្នាំទៅនៅពេលកូវីដ វាយប្រហារខ្លាំងរយៈពេលតែប៉ុន្មានថ្ងៃ ស្លាប់ ៣០០៦នាក់ ខ្ញុំបញ្ជាឱ្យធ្វើក្ដាមឈូស ហើយធ្វើបច្ឆា សម្រាប់បូជាសព រកដីសម្រាប់កប់ទៅតាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច និងឥស្លាម គេថាខ្ញុំប្រមាថជីវីតប្រជាជន ប៉ុន្តែបើមិនឱ្យខ្ញុំធ្វើបែបនេះ តើទុកឱ្យប្រជាជនរបស់យើងស្លាប់ហើយអត់ក្ដាមឈូស ឬយ៉ាងម៉េច? ស្លាប់ហើយអត់មានកន្លែងកប់ ឬអត់បូជា ឬយ៉ាងណា? ” សម្តេចតេជោ ហ៊ុន​ សែន បានបន្តទៀតថា “នៅថ្ងៃម្សិលមិញនេះ ដែលត្រូវប្រកាសនៅថ្ងៃនេះ គឺអត់មានអ្នកឆ្លងជំងឺកូវីដសូម្បីតែមួយនាក់ ពីមុននេះ គឺយើងមាន៥២ថ្ងៃ ដែលអត់មានឆ្លងកូវីដសូម្បីមួយនាក់ ឥឡូវនេះយើងចាប់ផ្ដើមនៅថ្ងៃទី២១ គឺសូន្យកូវីដទៀត នេះគឺជាជោគជ័យនៃការប្រយុទ្ធរួមគ្នា” ៕

Share This Post: