សង្គម

ក្រោយពីពិនិត្យសុខភាព សាយ ប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន

BY
Naren
October 31, 2022

(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយ​សង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។

លោក សាយ បានសរសេររៀបរាប់ថា៖ «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី ១០គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU #RUNWITHSAI #រត់ដើម្បីកុមារកម្ពុជា #Longlifesaispirit»។

សូមរំលឹកថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយ​សង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់សប្បុរសធម៌នេះ សាយ ប្រមូលបានចំនួនជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២៕

Share This Post: