សង្គម

ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងធ្វើឡើងនៅដើមខែធ្នូនេះ មានស្តង់លក់សៀវភៅច្រើនជាងមុន ជាមួយនឹងការរំពឹងទុកអ្នកចូលរួមជាង១០ម៉ឺននាក់

BY
Naren
November 28, 2022

(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការហើយបន្ទាប់ពីខកខានធ្វើរហូតដល់២ឆ្នាំដោយសារតែកូវីដ១៩។ នៅឆ្នាំ២០២២នេះ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណៈកម្មការនៃពិព័រណ៍សៀវភៅកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាននៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលធ្វើឡើងនៅបណ្ណាល័យជាតិ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងសមាជិកស្ថាប័នដែលចូលរួមសហការ និងអ្នកសារព័ត៌មានជាច្រើនរូប។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅក្នុងសង្គមខ្មែរ ជាពិសេស យុវជន និងយុវនារីខ្មែរ ដែលជាធនធានមនុស្សដ៏សំខាន់ , ផ្សព្វផ្សាយសៀវភៅនានាដែលបានបោះពុម្ភផ្សាយ, បង្កើនវិធីនិទានរឿង និងសៀវភៅរឿងសម្រាប់កុមារ ដើម្បីបណ្តុះឱ្យកុមារស្រលាញ់ការអាន, លើកទឹកចិត្តអ្នកនិពន្ធឱ្យបន្តបញ្ចេញស្នាដៃថ្មីៗជាបន្ត។

ចំណែកលោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា និងនាយកអង្គការស៊ីប៉ា បានឱ្យដឹងថា នៅឆ្នាំនេះមានការចូលរួមតាំងពិព័រណ៍ច្រើន រហូតដល់ទៅ១៩៧ស្តង់ឯណោះ ហើយលោកក៏បានរំពឹងទុកថា មានការចូលរួមពីសាធារណជនជាង១០ម៉ឺននាក់។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩នេះនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១០-១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ ហើយនៅឆ្នាំនេះមិនមែនមានត្រឹមតែស្តង់លក់សៀវភៅតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែក៏នឹងមានសកម្មភាពសប្បាយនានា ដូចជាការប្រគុំតន្រី្ត ជាមួយនឹងការលេងហ្គេមឈ្នះរង្វាន់ជាច្រើនផងដែរ៕

Share This Post: