អន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសគាំទ្រសិទ្ធិរបស់ប្រជាជន នៅក្នុងការតវ៉ាដោយសន្តិវិធីនៅប្រទេសចិន ជុំវិញបញ្ហាច្បាប់ zero-COVID

BY
autoadmin
November 29, 2022

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់ប្រជាជននៅក្នុងការ «តវ៉ាដោយសន្តិភាព» នៅក្នុងប្រទេសចិន ខណៈដែលក្រុមអ្នកតវ៉ានៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសនេះ បានធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយ «zero-COVID» របស់រដ្ឋាភិបាលចិន។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ គឺលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រជាជនគួរតែត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិក្នុងការប្រមូលផ្តុំ និងតវ៉ាគោលនយោបាយដោយសន្តិវិធី។

លោក John Kirby ​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ចំពោះបញ្ហានេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះ បាននិយាយដាច់ដោយឡែកថា មនុស្សគ្រប់រូបមានសិទ្ធិតវ៉ាដោយសន្តិវិធីនៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសចិនផងដែរ។ មន្ត្រីរូបនេះក៏បាននិយាយផងដែរថា វានឹងពិបាកសម្រាប់ប្រទេសចិន ក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈយុទ្ធសាស្ត្រ zero-COVID ដ៏តឹងរ៉ឹងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: