អន្តរជាតិ

មន្ទីរបញ្ចកោណ៖ ប្រទេសចិនទំនងជានឹងមានអាវុធនុយក្លេអ៊ែរចំនួន ១,៥០០ គ្រាប់ នៅត្រឹមឆ្នាំ២០៣៥

BY
autoadmin
November 30, 2022

មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,៥០០ គ្រាប់ នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តឆ្ពោះទៅមុខជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ តួរលេខនេះបានគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិកចំពោះចេតនារបស់ចិន សម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាការព្យាករណ៍មិនបង្ហាញថា ចិនកំពុងបង្កើនល្បឿននៃការអភិវឌ្ឍន៍ក្បាលគ្រាប់ក៏ដោយ។

របាយការណ៍មន្ទីរបញ្ចកោណលើសកម្មភាពក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបច្ចុប្បន្នមានអាវុធនុយក្លេអ៊ែរជាង ៤០០ គ្រាប់។ ខ្លួនបានបន្ដថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននៅឆ្នាំ២០៣០ នឹងមានអាវុធនុយក្លេអ៊ែរជាង ១០០០ គ្រាប់ នៅតែមិនផ្លាស់ប្តូរទេ ដោយបន្ថែមថា ចំនួននៃការព្យាករណ៍សម្រាប់ឆ្នាំ២០៣៥ គឺផ្អែកលើល្បឿននៃការពង្រីកដែលមិនផ្លាស់ប្តូររបស់ប្រទេសចិន។

យ៉ាងណាក៏ដោយចិននិយាយថា ឃ្លាំងអាវុធរបស់ខ្លួនគឺតូចតាចប្រៀបនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយអាវុធនុយក្លេអ៊ែរដល់ត្រឹមកម្រិតរបស់ចិន។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា អាមេរិកមានគ្រាប់នុយក្លេអ៊ែរប្រហែល ៣,៧០០ គ្រាប់ ដែលក្នុងនោះប្រហែល ១,៧៤០ គ្រាប់ ត្រូវបានដាក់ពង្រាយ។ ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក គឺស្របពេលដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែមានកម្ដៅឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: