ព័ត៌មានជាតិ

កៀកថ្ងៃប្រឡង! រដ្ឋមន្រ្តីក្រសួងអប់រំ ក្រើនរំលឹកដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ត្រូវគោរពគោលការណ៍ប្រឡងឱ្យបានត្រឹមត្រូវ

BY
srey nuch
December 1, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងអប់រំ ក្រើនរំលឹកដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ត្រូវគោរពគោលការណ៍ប្រឡងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការប្រឡងទទួលបានជោគជ័យគ្រប់ៗគ្នា ខណៈដែលក្រសួងនៅតែរឹតបន្តឹងការប្រឡងដែលធានាបានគុណភាព ដោយអ្នកចេះគឺជាប់។

ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងសម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ ដូចនេះសូមអំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការកើតបញ្ហាដោយប្រការណាមួយ ដែលនាំឱ្យប៉ះពាល់ និងក៏ដូចជាមានបញ្ហាណាមួយ ទាំងពេលមកពិនិត្យ បិទផ្សាយលេខបន្ទប់ និងលេខតុ ហើយនឹងពេលប្រឡងខាងមុខ។ ឯកឧត្ដម ក៏បានបន្ថែមថា ជាពិសេសបញ្ហាចរាចរណ៍ផ្លូវទឹក សម្រាប់បេក្ខជន មកប្រឡងបាក់ឌុបផងដែរ ដោយក្រសួងបានចេញសេចក្តីណែនាំហើយ ដោយក្នុងនោះ ត្រូវពិនិត្យទៅលើទូក ក៏ដូចជា ពាក់ពោងបើសិនជាចាំបាច់ ទោះបីជាទឹកបានស្រកហើយក៏ដោយ។ ក្រៅពីនេះ បេក្ខជនដែលត្រូវឆ្លងទន្លេ ត្រូវធ្វើដំណើរមកមុន ដែលក្នុងនោះ ដូចជា មកប្រឡងនៅតាមទីរួមខេត្ត ទីរួមស្រុក នឹងមកជាមួយគ្នា ក៏ត្រូវរក្សាសុវត្ថិភាព ពេលធ្វើដំណើរ ដូចគ្នា។

បន្ថែមពីនេះទំាងបេក្ខជនដែលត្រូវប្រឡងទាំងអស់ ត្រូវគោរពវិន័យនៃការប្រឡងត្រឹមត្រូវ ខណៈដែលបុគ្គលិកអប់រំ ដែលជាអនុរក្ស មានការទទួលខុសត្រូវខ្ពស់នូវតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ដើម្បីធានាឱ្យការប្រឡងបានដំណើរការដោយរលូន និងមានគុណភាព។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់។ ចំពោះលទ្ធផលគ្រោង នឹងប្រកាសនៅថ្ងៃទី២៧ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: