ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ស្នើឱ្យអភិបាលរាជធានី-ខេត្ត ​ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះពិនិត្យ តាមដាននិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន

BY
Naren
December 1, 2022

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ណែនាំដល់មន្ទីរសុខាភិបាល ពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

យោងតាមលិខិត «ក្រសួងសុខាភិបាលសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

ក្នុងន័យនេះក្រសួងសុខាភិបាល សូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះពិនិត្យ តាមដាននិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ ណែនាំឱ្យមន្ទីរសុខាភិបាលពង្រឹងក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជនតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវ»៕

Share This Post: