អន្តរជាតិ

ចាប់ខ្លួនជនជាតិខ្មែរ ១នាក់ និងថៃ ២នាក់ ក្រោយបែកធ្លាយចែកចាយព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃមកកម្ពុជា

BY
Khmernote Media
December 1, 2022

មនុស្ស ៣នាក់ (ជនជាតិខ្មែរ ១នាក់ និងជនជាតិថៃ ២នាក់) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា បុរស​ខ្មែរ​ម្នាក់ និង​ថៃ​ ២នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា ខណៈក៏បាន​រឹបអូស​ចានផ្កាយរណប​ចេញពី​លំនៅ​ឋាន​នោះផង​ដែរ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី FIFA បានព្រមានប្រទេសថៃថា សិទ្ធិផ្សាយរបស់ថៃអាចត្រូវដកហូត ដោយសារតែការលេចធ្លាយនៃការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។

អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​សមភាគី​កម្ពុជាឱ្យជួយ​ដោះស្រាយ​ការ​រត់ពន្ធ​ប៉ុស្ដិ៍ខ្សែកាប​ពី​ប្រទេស​ថៃ ជាពិសេស​ពី​ចំណុច​នៅ​ផ្សារ​ព្រំដែន​រោង​ក្លឿ ក្នុង​ខេត្ត​សាកែវ​។ យោងតាមគេហទំព័រ digitalhub.fifa.com ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ បានទិញសិទ្ធិផ្សាយការប្រកួតបាល់ទាត់ពិភពលោក រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ មាន​តែ​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ ដែល​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី។ គួរឱ្យដឹងដែរថា ប្រទេសថៃបានទិញសិទ្ធិផ្សាយ ដែលត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិក្នុងតម្លៃ ១.៤ ពាន់លានបាត៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: