អន្តរជាតិ

Tesla ប្រកាសប្រមូលរថយន្តជាង ៤៣៥,០០០ គ្រឿង នៅក្នុងប្រទេសចិនត្រឡប់មកវិញ ក្រោយរកឃើញមានបញ្ហាភ្លើងស៊ីញ៉ូចំហៀង

BY
autoadmin
December 2, 2022

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តជាង ៤៣៥,០០០ គ្រឿង នៅក្នុងប្រទេសចិនត្រឡប់មកវិញ ដើម្បីជួសជុលបញ្ហាភ្លើងស៊ីញ៉ូចំហៀង នេះបើតាមអ្នកឃ្លាំមើលទីផ្សាររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុននឹងចេញការអាប់ដេតកម្មវិធី (over-the-air) ដើម្បីដោះស្រាយបញ្ហាដែលបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរ ដែលអាចនាំទៅដល់ការប៉ះទង្គិចគ្នា។ បញ្ហានេះមានលើរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿង និងរថយន្ត Model Ys ចំនួន ២៩២,៨៥៥ គ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារចិន។

នេះ​ជា​ការ​ប្រមូល​រថយន្ត​មក​វិញ​លើក​ទី​៦ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ Tesla ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០២២ បន្ទាប់​ពី​ការ​ប្រមូល​ចុង​ក្រោយ​បំផុត ​ដែល​មានរថយន្តជាង ៨០,០០០ គ្រឿង​ ត្រូវបានប្រមូលកាលពី​សប្តាហ៍​មុន។ ទិន្នន័យឈ្មួញកណ្តាលបានបង្ហាញថា ការលក់រាយរបស់ Tesla នៅក្នុងប្រទេសចិនបានកើនឡើងជិតទ្វេដងក្នុងរយៈពេលពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយតម្លៃសម្រាប់ម៉ូដែល 3 និងម៉ូដែល Y ខណៈពេលដែលផ្តល់នូវការលើកទឹកចិត្តផ្សេងៗ។ រោងចក្រនៅសៀងហៃរបស់ខ្លួន បានចែកចាយរថយន្តចំនួន ៥៥៤,៧៧៨ គ្រឿង ក្នុងរយៈពេល ១០ ខែ ដំបូងនៃឆ្នាំ២០២២ ដែលលើសពីចំនួនដែលបានចែកចាយក្នុងអំឡុងពេលឆ្នាំ២០២១ ទាំងមូល៕

អត្ថបទ៖ លីដា

ប្រភព៖ CGTN

Share This Post: