យុវជនមីល្ពៅខ្មែរ បាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ និងសុំទោសដែលមិនអាចជួយកសិករ និងបង្កើតរោងចក្របាន
- BY
- Naren
- December 2, 2022
(បាត់ដំបង)៖ នៅចាំយុវជនមីល្ពៅខ្មែរ បាត់ដំបង ដែលទទួលភាពល្បីល្បាញពីសមិទ្ធផលក្នុងការស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅ លោក វ៉ាន់ គិមវ៉ាង ទេ? ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈធំមក លោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា។
យុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។
ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។
សូមរំលឹកថាលោក វ៉ាន់ គិមវ៉ាង បានបង្កើតមីល្ពៅនេះនៅចុងឆ្នាំ២០១៩ ក៏ព្រោះតែនៅពេលនោះល្ពៅខ្មែរបានធ្លាក់តម្លៃខ្លាំង រហូតដល់កសិករខ្មែរយកល្ពៅទាំងនោះចាក់ចោលកណ្តាលផ្លូវ ទើបបណ្តាលចិត្តឱ្យលោកខិតខំយកល្ពៅរបស់កសិករខ្មែរឱ្យមានតម្លៃឡើងវិញតាមរយៈការផលិតសរសៃមីចេញពីផ្លែល្ពៅ៕
- Share This Post: