អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ជាមធ្យមនៅក្នុងមួយថ្ងៃមានទាហានអ៊ុយក្រែនចន្លោះពី ៦០-១០០នាក់បានបាត់បង់ជីវិត ៥០០នាក់រងរបួស ខណៈតួលេខទាហានដែលបានពលីជីវិតសរុបមានប្រមាណជា ១៣,០០០នាក់

BY
Pheakdey
December 2, 2022

អ៊ុយក្រែន៖ របាយការណ៍មួយបានបង្ហាញថា គិតត្រឹមពេលនេះគឺមានទាហានអ៊ុយក្រែនចន្លោះពី ១០,០០០នាក់ ទៅ ១៣,០០០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្លើងសង្រ្គាមជាមួយនឹងប្រទេសរុស្ស៊ី។ បើតាមលោក Mykhailo Podolyak ដែលជាទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ថា តួលេខនៅក្នុងរបាយការណ៍មួយនេះគឺជាការបូកសរុបចំនួនទាហានដែលបានពលីជីវិតនៅលើសមរភូមិសង្គ្រាមដោយគិតត្រឹមចុងខែវិច្ឆិកានេះ។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរអ៊ុយក្រែនក៏បានបង្ហាញផងដែរថា បើគិតជាមធ្យមគឺនៅក្នុងមួយថ្ងៃមានទាហានអ៊ុយក្រែនចន្លោះពី ៦០នាក់ ទៅ ១០០នាក់​បានស្លាប់បាត់បង់ជីវិត ខណៈទាហានប្រមាណជា ៥០០នាក់បានរងរបួស។ គួររម្លឹកជូនថា ការឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនបានផ្តើមកើតឡើងចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយគិតរហូតមកទល់នឹងពេលនេះគឺសង្គ្រាមបានអូសបន្លាយអស់រយៈជាងជិត ១០ ខែហើយ ខណៈគេនៅមិនទាន់មើលឃើញសញ្ញាណាមួយដែលអាចបង្ហាញពីលទ្ធភាពនៃការបិទបញ្ចប់សង្គ្រាមនៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Businessinsider

Share This Post: