អន្តរជាតិ

អាមេរិកព្រមានចិនជុំវិញករណីបង្ក្រាបដោយហិង្សាទៅលើក្រុមពលរដ្ឋដែលចេញមកតវ៉ាប្រឆាំងនឹងវិធានការ”សូន្យកូវីដ-១៩”

BY
Pheakdey
December 2, 2022

អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានធ្វើការព្រមានទៅកាន់រដ្ឋាភិបាលចិនជុំវិញករណីដែលកងកម្លាំងចិនបានបង្ក្រាបដោយហិង្សាទៅលើក្រុមប្រជាពលរដ្ឋ ដែលបាននាំគ្នាចេញមកប្រឆាំងតវ៉ាជាមួយនឹងវិធានការបិទខ្ទប់កូវីដ-១៩ ដ៏តឹងរឹងរបស់អាជ្ញាធរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិកត្រូវបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤២រូប ខណៈនៅក្នុងសេចក្តីព្រមាននោះបានបញ្ជាក់ថា ការបង្រ្កាបដោយហិង្សាពីសំណាក់អាជ្ញាធរចិនទៅកាន់ពលរដ្ឋខ្លួនអាចធ្វើឲ្យទំនាក់ទំនងការទូតរវាងអាមេរិកនិងចិនត្រូវខូចខាតយ៉ាងខ្លាំងតែម្តង។

គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះពលរដ្ឋចិនជាច្រើននាក់នៅតាមទីក្រុងសំខាន់ៗទូទាំងប្រទេសចិនបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដ្បិតពួកគេយល់ឃើញថា វាគឺជាវិធានការដ៏តឹងរឹងនិងត្រូវបានអនុវត្តតែក្នុងប្រទេសចិនប៉ុណ្ណោះ​ ខណៈនៅតាមប្រទេសផ្សេងៗនៅជុំវិញពិភពលោកគឺលែងមានវិធានការបែបនេះទៀតហើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ ហើយតាមរយៈការអនុវត្តវិធានការនេះគឺអាជ្ញាធរចិនតែងធ្វើការបិទខ្ទប់ទីក្រុង ឬតំបន់ណាមួយភ្លាមៗ ក្រោយរកឃើញករណីឆ្លងថ្មីបើទោះតួជាតួលេខអ្នកឆ្លងថ្មីនោះមានចំនួនតិចតួចក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: