ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបសម្រេចការងារសាងសង់បាន ៨៩ភាគរយ ហើយ

BY
srey nuch
December 6, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៨៩ភាគរយហើយ តាមការគ្រោងទុកការដ្ឋានសាងសង់នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹង នៅរសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថា គិតត្រឹមថ្ងៃទី០៥ ខែធ្នូនេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបាន ៨៩ភាគរយ នៃគម្រោង។

តាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាប ពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ៥ ។

ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗ ចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។ គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ម៉ែត្រ។

ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។ កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង ៣.៧៥ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: