ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញបញ្ចេញថវិកា ២០០លានដុល្លារ សង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

BY
srey nuch
December 13, 2022

ទីក្រុងព្រុចសែល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញបញ្ចេញថវិកា ២០០លានដុល្លារ សង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយសម្ដេចតេជោ បានបញ្ជាក់ថា ស្ពាននេះឆ្លងអត់អស់លុយទេ។

ថ្លៃងក្នុងពិធីជួបជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា២០០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។

សំឡេង៖ “ដោយយើងត្រូវភ្ជាប់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅបាវិត អ៊ឺចឹងយើងត្រូវធ្វើស្ពានមួយតភ្ជាប់ផ្លូវជាតិលេខ១​ ទៅខាងល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនទៅព្រំដែនវៀតណាមតែម្ដង ឥឡូវបានសម្រេចត្រូវគ្នាហើយ ផ្លូវល្បឿនលឿនត្រូវតែយកលុយ អ្នកនៅស្រុកក្រៅសុទ្ធតែត្រូវបង់លុយផ្លូវ នៅកម្ពុជា ផ្លូវដែលបង់លុយពីមុនខ្ញុំបានដកយកអស់ហើយ ឥឡូវទុកតែផ្លូវល្បឿនលឿននោះទេ​ អ្នកណាមិនចង់ជិះលើផ្លូវល្បឿនលឿន ជិះទៅតាមផ្លូវជាតិលេខ៤ទៅ ប៉ុន្តែគេជិះ គេគិតហើយ នៅពេលដែលអ្នកជិះលើផ្លូវល្បឿនលឿន និងជិះតាមផ្លូវជាតិលេខ៤ មួយណាដែលត្រូវចំណាយតិចជាង។ ”

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖ “យើងត្រូវធ្វើផ្លូវល្បឿនលឿនមួយទៀត តភ្ជាប់ទៅព្រំដែនវៀតណាម ពីមុនគេចង់ថាឆ្លងកាត់ ស្ពាននេះត្រូវបង់លុយ តែខ្ញុំមិនយល់ព្រមទេ ព្រោះប្រជាពលរដ្ឋរបស់យើងឆ្លង ខ្លះឆ្លងព្រឹកល្ងាច មួយថ្ងៃ ៥ដង។ អ៊ឺចឹងឥឡូវគឺត្រូវធ្វើម៉េច! ខ្ញុំ ចង្អុលបង្ហាញបញ្ចេញលុយ ២០០លានដុល្លារ ធ្វើស្ពាននឹងតែម្ដង បើមិនធ្វើអ៊ឺចឹងទេ ផ្លូវល្បឿនលឿនធ្វើយ៉ាងម៉េចនឹងកើត នៅអាឡែងតែឆ្លងសាឡាងឡើងទៅផ្លូវល្បឿនលឿនម៉េចរួច អ៊ឺចឹងទេ ផ្លូវល្បឿនលឿនចាំបង់លុយ តែរឿងឆ្លងស្ពានមិនបង់លុយទេ សិក្សាគម្រោងអស់ហើយ ស្ពាននេះមានគន្លងមកពីរ ទៅ២ មក២ ដែលមានទំហំធំ សម្រាប់ឆ្លងកាត់” ៕

Share This Post: