សិល្បៈ

ចូលរួមរំលែកទុក្ខ! អតីតតារាចម្រៀងទសវត្ស៨០ ម្ចាស់បទ «ចំប៉ាប៉ោយប៉ែត» លោក រ៉ម រ៉ឺន បានទទួលមរណភាព ដោយរោគាពាធ

BY
Khmernote Media
December 19, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់បទ «ចំប៉ាប៉ោយប៉ែត» លោក រ៉ម រ៉ឺន បានបាត់បង់ជីវិតក្នុងអាយុ ៦៧ឆ្នាំ ដោយជំងឺបេះដូងលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ក្រុមព្រះសុរិយា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មុននេះបន្តិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ក្រុមព្រះសុរិយា បានទទួលដំណឹងដ៏សែនសោកស្តាយពី លោកស្រី ផ្លុង រិទ្ធី បានអោយដឹងថា លោក រ៉ម រ៉ឺន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ «ចំប៉ាប៉ោយប៉ែត» បានទទួលមរណភាពវេលាម៉ោង ៤ រសៀល ដោយជំងឺបេះដូង កាលពីថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា។

លោក រ៉ម រើន ជាអតីតតារាចម្រៀងដ៏ល្បីល្បាញ ក្នុងទសវត្ស៨០ និង៩០។ លោកមានស្រុកកំណើតនាទឹកដីខេត្តបាត់ដំបងធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី ឡឹម វណ្ណារី, លោកស្រី ឆោម ឆវិន, លោកស្រី សុខ សុខុមជាដើម។ លោកជាអ្នកសិល្បៈដ៏ឆ្នើមមួយរូប ពហុជំនាញ ច្រៀងសម័យ ច្រៀងបុរាណ ច្រៀងប្រពៃណី ច្រៀងចាប៉ី អាយ៉ៃ ចេះលេងឧបករណ៍ភ្លេងជាច្រើនទៀត។ ក្រុមព្រះសុរិយាសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោក រ៉ម រើន សូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ប្រភព៖ ក្រុមព្រះសុរិយា

Share This Post: