ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ ចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីបើកបររថយន្តលើសល្បឿនកំណត់ ហើយបង្ហោះខ្លឹមសារបែបនេះនៅលើហ្វេសប៊ុក

BY
srey nuch
December 19, 2022

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គម ជ្រាបថា៖

យោងតាមប្រភព នៃការចុះផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “រាជនី ធីតាសួគ៌” ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ហើយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ។

អំពីអង្គហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជើងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍ បានឃាត់រថយន្ត ០១គ្រឿង ម៉ាកកាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-3553 ពាក់ព័ន្ធបើកបរល្មើសល្បឿនកំណត់ ៨៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលើរថយន្ដមកដល់កន្លែងតុផាកពិន័យជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍យើងខ្ញុំ តែបុគ្គលនោះមិនបានទទួលកំហុសឡើយ ដោយនិយាយជាមួយសមត្ថកិច្ចថា រថយន្ដខ្លួនបើកបរក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ។ បន្ទាប់មកមន្រ្ដីនគរបាលចរាចរណ៍ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់ទៅអ្នករួមដំណើរនោះ និងបានហៅអ្នកបើកបរមកជួប និងបង្ហាញរូបភាពល្មើស (អ្នកបើកបរនោះ បានចុះមក តែមិនបានប្រកែកតវ៉ាទេ) ។ ពេលនោះមន្រ្តីនគរបាលជំនាញយើងខ្ញុំ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបើកបរ រួចហើយក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយមិនមានការផាកពិន័យឡើយ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បាននឹងកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ ដើម្បីកោះអញ្ជើញមកធ្វើការសាកសួរបំភ្លឺ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមលើគណនីហ្វេសប៊ុករបស់គាត់ បើរកឃើញថា បុគ្គលម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើនោះបានប្រព្រឹត្តខុសហើយចោទប្រកាន់មកលើមន្រ្តីអនុវត្តច្បាប់ ដែលជាចេតនាទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីនគរបាលជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ យើងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

Share This Post: