សិល្បៈ

ឡូរ៉ា ម៉ម បង្ហាញមោទកភាពចំពោះ វណ្ណដា​ និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ

BY
Naren
December 28, 2022

(ភ្នំពេញ)៖ តន្រ្តីករនិង អគ្គនាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production​ កញ្ញា ឡូ​រ៉ា​ ម៉ម បានបង្ហាញពីមោទកភាពចំពោះ វណ្ណដា​ និងកីឡាករគុនខ្មែរ ធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាទៅឆាកអន្តរជាតិ។ កញ្ញាបានលើកឡើងថា ថ្មីៗនេះNME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣ ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀត។ CEO រូបនេះបានបន្តថា ក្រៅពីវិស័យតន្ត្រី វិស័យកីឡារបស់កម្ពុជា ក៏កំពុងតែមានសន្ទុះការគាំទ្រនិងឱកាសបង្ហាញសមត្ថភាព ដោយកាលពីពេលថ្មីៗនេះ កីឡាករធឿន ធារ៉ា ទើបតែលើកពានពីស្ដេចប្រដាល់ថៃជាលើកដំបូង។

កញ្ញា ឡូ​រ៉ា​ ម៉ម បានសរសេររៀបរាប់ថា៖ «កាលពីថ្ងៃទី​២៣ ខែធ្នូ កន្លងមកនេះ NME Asia បានចេញផ្សាយបញ្ជី កំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២ ហើយក្នុងនោះ អាល់ប៊ុម Skull 2 របស់ Vann Da – វណ្ណដា ជាមួយនឹងបទ “Khmer Blood” ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៣ ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀតដែលគួរឱ្យកត់សម្គាល់ដូចជា​ MILLI, Taeyeon, Utada, និង Seulgi ជាដើម។​ ក្នុងនាមជានាយកប្រតិបត្តិរបស់ផលិតកម្មបារមី Baramey Production នាងខ្ញុំពិតជារំភើប និងមានមោទកភាពមែនទែន ដែលតន្ត្រីរបស់សិល្បករខ្មែរយើងត្រូវបាន​គេទទួលស្គាល់និងស្ងើចសរសើរពីថ្នាក់អន្តរជាតិ។​ នេះពិតជាសបង្ហាញថា តន្ត្រីខ្មែរយើងកំពុងតែវិវត្តទៅមុខទាំងស្ដង់ដារ គុណភាព និង សមត្ថភាព ក្នុងការពង្រឹងគោលជំហរ និង​ ប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។​

ក្រៅពីវិស័យតន្ត្រី វិស័យកីឡារបស់យើងក៏កំពុងតែមានសន្ទុះការគាំទ្រនិងឱកាសបង្ហាញសមត្ថភាព ដូចប្អូនធឿន ធារ៉ា ដែលគាត់ទើបតែលើកពានពីស្ដេចប្រដាល់ថៃប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ នាងខ្ញុំសូមចូលរួមអបអរសាទរទៅទាំង វណ្ណដា​ ទាំងធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាយើងទៅឆាកអន្តរជាតិ ហើយខ្ញុំមានចក្ខុវិស័យ និង​ ក្ដីសង្ឈឹមយ៉ាងមុតមាំថា​ ឧស្សហកម្មតន្ត្រី សិល្បៈ កីឡា​ផ្សេងៗរបស់ខ្មែរ នឹងបន្តបង្កើតប្រវត្តិសាស្ត្រថ្មី និងកាន់តែរីកសុះសាយកិត្តនាមបន្តទៀតជុំវិញពិភពលោក ព្រោះនេះគឺជា “Time to Rise” សម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា។

ខណៈដែលឆ្នាំថ្មីកំពុងតែឈានចូលមកដល់ នាងខ្ញុំសូមជូនពរឲ្យគ្រប់គ្នាបន្តស្វែងរកការអភិវឌ្ឍ ភាពជោគជ័យ និងមោទនភាពសម្រាប់ខ្លួនឯង។​ សម្រាប់អ្នកដែលមានអារម្មណ៍ថាឆ្នាំកន្លងមកមិនសូវបានសមប្រកប សូមបន្តមានក្ដីសង្ឃឹម និងកម្លាំងចិត្តទៀត ព្រោះ​ ដូចវណ្ណដាបានច្រៀងក្នុងបទ Khmer Blood អញ្ចឹង គឺយើងសុទ្ធតែ “ មានឈាមខ្មែរតាមថែរក្សា”។ រីករាយឆ្នាំថ្មី​ Happy new year everyone!​​ And thank you to NME for “The 25 best Asian albums of 2022”!»៕

Share This Post: