ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង ២០០ លានដុល្លារ

BY
srey nuch
January 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារ ណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង ២០០ លានដុល្លារ ដែលត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ដោយគ្មានការបង់ប្រាក់។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសា ធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេ មេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ ក្រុងទី៣ផងដែរ។

ឯកឧត្តម បានបន្តថា នៅពេលស្ពាននេះសាងសង់រួចរាល់ គឺការធ្វើដំណើរមិនតម្រូវឱ្យមានការបង់ប្រាក់ទេ។ បន្ថែមពីនោះទៀត វាផ្តល់ភាពងាយស្រួល ក្នុងការដឹក ជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សំឡេង « ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត អ៊ីចឹងត្រូវសង់ស្ពានមួយនៅដីឥដ្ឋ ឆ្លងទៅល្វាឯមមួយទៀតឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះវែងណាស់ស្ពាន ប្រវែង ២ ពាន់ម៉ែត្រជាង។ ពេលយើងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត យើងត្រូវតែមានស្ពានហ្នឹងដែរ ដោយប្រើថវិកាជាតិយើងតែម្ដង។ ផ្លូវល្បឿនលឿនជាថវិកាផ្នែកឯកជន ប្រហែល ១៤០០លានដុល្លារ ស្ពានប្រហែល ២០០លានដុល្លារ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានទន្លេមេគង្គហ្នឹង ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី៣ដោយមិនគិតថ្លៃ ប៉ុន្តែចង់ជិះផ្លូវល្បឿនលឿនត្រូវបង់កម្រៃឱ្យគេ ឬជិះផ្លូវលេខ១ ក៏បានដែរ » ។

គួរជម្រាបថា កាលពីពេលកន្លង ទៅនេះ រាជរដ្ឋាភិបាលបានប្រកាសថា នឹងបញ្ចេញថវិកាជាតិប្រមាណជាង ២០០ លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គពីផ្លូវជាតិលេខ១ ទៅកាន់តំបន់ល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងដំណើរការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ នេះ។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងត្រូវបើកការ ដ្ឋានសាងសង់ពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: