បច្ចេកវិទ្យា

រថយន្តថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជាមួយចំនួនកំពុងមានបញ្ហាម៉ាស៊ីនរថយន្ត

BY
Liny Chan
January 19, 2023

ទីផ្សាររថយន្តថ្មីគឺកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយក៏មានយីហោរថយន្តថ្មីៗជាច្រើនបាននាំចូលរថយន្តថ្មីជាច្រើនម៉ូឌែលមកកាន់ទីផ្សារនេះផងដែរ ដោយបានផ្តល់នូវជម្រើសកាន់តែច្រើនដល់អ្នកទិញ។ ដូច្នេះមុនពេលលោកអ្នកសម្រេចចិត្តទិញរថយន្តថ្មី អ្នកគួរតែគិតគូរនិងពិចារណាឱ្យបានម៉ត់ចត់ទៅលើ ម៉ាកយីហោ និងគុណភាព បើមិនដូច្នោះទេលោកអ្នកនឹងអាចនឹងខាតបង់ទាំងថវិការ និងពេលវេលា ព្រោះថ្មីៗនេះគឺមានយីហោរថយន្តថ្មីមួយចំនួនកំពុងមានបញ្ហាទៅលើដំណើរការម៉ាស៊ីនរថយន្ត និងបញ្ហាផ្សេងៗមួយចំនួនដែលធ្វើឱ្យការបើកបរមិនរលូននិងមិនមានទំនុកចិត្ត។

បញ្ហាម៉ាស៊ីនរថយន្តអាចបង្កមកពីកត្តាជាច្រើនយ៉ាងដែលអាចឱ្យរថយន្តដំណើរការមិនប្រក្រតីនិងពិបាកក្នុងការបើកបរ ដែលតម្រូវការចាំបាច់ដ៏ធំបំផុតរបស់អ្នកទិញនោះគឺការទទួលបាននូវរថយន្តថ្មីដែលមានភាពទំនើបទាន់សម័យ និងគុណភាពខ្ពស់ទៅលើផ្នែកម៉ាស៊ីន ប្រអប់លេខ ឬគ្រឿងក្រោមដ៏រឹងមាំ។ លោកអ្នកក៏ប្រហែលជាបានឃើញអំពីការណែនាំ និងការផ្សព្វផ្សាយពីយីហោនៃរថយន្តថ្មីមួយចំនួនអំពីការបំពាក់នូវបច្ចេកវិទ្យាស្តង់ដារម៉ាស៊ីន Euro 5 និង Euro 6 ដែលអាចជាការប្រើប្រាស់មិនត្រូវគ្នាទៅនឹងគុណភាពប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា ក៏ដូចជាស្ថានភាពផ្លូវ ដែលជាហេតុនាំឱ្យមានបញ្ហាច្រើនទៅលើម៉ាស៊ីនដូចជាលាន់សំឡេងនិងដំណើរការខុសប្រក្រតី ហើយអាចប៉ះពាល់ដល់ប្រអប់លេខផងដែរ និងបានធ្វើឱ្យម្ចាស់រថយន្តទទួលបាននូវបទពិសោធន៍នៃការបើកបរមិនដូចការរំពឹងទុក និងមិនមានទំនុកចិត្ត។

ស្របពេលជាមួយគ្នានេះដែរ ក៏មានយីហោថ្មីៗជាច្រើនបានកំពុងបង្ហាញវត្តមានរថយន្តថ្មីដែលមានរូបរាងទាន់សម័យ តម្លៃធូរថ្លៃ និងទទួលបានការលក់ដាច់ខ្លាំងកាលពីឆ្នាំ២០២១និង២០២២ ដែលជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់ទិន្នន័យលក់រថយន្តថ្មី។ ប៉ុន្តែថ្មីៗនេះ យើងក៏ឃើញពីការត្អូញត្អែរច្រើនគួរសមតាមរយៈអ្នកគាំទ្រនៅលើបណ្តាសង្គមហ្វេសបុក ទៅលើគុណភាព និងបញ្ហាមួយចំនួនដូចជាបញ្ហាម៉ាស៊ីនដំណើរការមិនល្អ និងគុណភាពនៅមានកម្រិត ដែលអតិថិជនហាក់ទទួលយកមិនបាន ថែមទាំងខាតបង់ពេលវេលា និងថវិការផងដែរ ព្រោះរថយន្តថ្មីទើបតែទិញហើយខូច និងលទ្ធផលខុសពីការផ្សព្វផ្សាយរបស់អ្នកលក់។ ខណៈពេលដែរ រថយន្តជាច្រើនមានការធានារយៈពេលយូរ ប៉ុន្តែការជួសជុលនៅតែមិនអាចដំណើរការល្អដូចរថយន្តដើម និងអាចមានកំហូចជាបន្តបន្ទាប់ ដែលខាតពេលវេលាដល់ម្ចាស់រថយន្តផងដែរ។

ក្រឡេកមកមើលយីហោមួយចំនួនដែលមានវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំដូចជាក្រុមហ៊ុន Toyota, MG, Mazda ហាក់ដូចជាមិនរងផលប៉ះពាល់ពីការត្អូញត្អែរទៅលើគុណភាព ឬការដំណើរការមិនប្រក្រតីណាមួយនោះទេ ដែលជាហេតុនាំឱ្យមានអតិថិជនបន្តគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា ហើយលោកអ្នកក៏អាចទុកចិត្តបានជាមួយរថយន្តដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពទាន់សម័យ ហើយជាពិសេសគឺតម្លៃដ៏សមរម្យគ្រប់ម៉ូឌែលនៃការនាំចូលរបស់យីហោទាំងនេះ។

សរុបមក រថយន្តថ្មីអាចផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់សម្រាប់លោកអ្នក និងផ្តល់នូវអត្ថប្រយោជន៏បានច្រើនដូចជាការសន្សំសំចៃខ្ពស់ ចំណេញទាំងពេលវេលា និងការបើកបរយ៉ាងមានទំនុកចិត្ត។ ដូច្នេះប្រសិនបើលោកអ្នកជ្រើសរើសនិងសម្រេចចិត្តត្រូវទៅលើម៉ាកយីហោ និងបទពិសោធន៏នៃការបើកបរដ៏មានទំនុកចិត្តដែលស្របតាមស្ថានភាពផ្លូវ ឬលក្ខខណ្ឌប្រើប្រាស់មួយចំនួនរបស់ប្រជាជនកម្ពុជា នោះលោកអ្នកនឹងទទួលអត្ថប្រយោជន៏កាន់តែច្រើន។

Share This Post: