កីឡា

Juventus ត្រូវសហព័ន្ធបាល់ទាត់ដាក់ទណ្ឌកម្មកាត់ពិន្ទុចំនួន ១៥ ជុំវិញករណីរំលោភបំពានច្បាប់ទិញ-លក់កីឡាករ

BY
Pheakdey
January 21, 2023

ក្លឹបបាល់ទាត់ Juventus បានជូនដំណឹងថា ក្លឹបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចដាក់ទណ្ឌកម្មជាច្រើនមកលើក្លឹបនិងក្រុមការងាររបស់ខ្លួន ខណៈក្លឹបក៏បានអះអាងថា ការសម្រេចដាក់ទណ្ឌកម្មនេះគឺជារឿងអយុត្តិធម៌មួយសម្រាប់អ្នកនាំក្រុមសេះបង្កង់រាប់លាននាក់នៅជុំវិញពិភពលោក។ សេចក្តីថ្លែងការរបស់ក្លឹបដែលជាម្ចាស់ជើងឯកពានរង្វាន់នៅលីកបាល់ទាត់កំពូលអ៊ីតាលីចំនួន ៣៦សម័យកាលមួយនេះបានធ្វើឡើងភ្លាមៗ ក្រោយសហព័ន្ធកីឡានៃប្រទេសអ៊ីតាលីសម្រេចកាត់ពិន្ទុរបស់ក្លឹប Juventus ចំនួន ១៥ ចេញពីតារាងពិន្ទុនៃក្របខណ្ឌបាល់ទាត់ Serie A ដែលធ្វើឲ្យក្រុមសេះបង្កង់ត្រូវធ្លាក់ពីលេខរៀងទី ៣ មកដល់លេខរៀងទី ១០ឯណោះ។

ជាងនេះទៅទៀតសហព័ន្ធបាល់នៃប្រទេសអ៊ីតាលីក៏បានសម្រេចធ្វើការហាមឃាត់អតីតប្រធានគ្រប់គ្រងក្លឹប Juventus គឺលោក Andrea Agnelli និងអតីតនាយកប្រតិបត្តិរបស់ក្លឹបគឺលោក Maurizio Arrivabene មិនឲ្យមកដឹកនាំក្រុមបាល់ទាត់នៅអ៊ីតាលីរយៈពេល ២ឆ្នាំផងដែរ។ គួរបញ្ជាក់ជូនថា សម្រេចដាក់ទណ្ឌកម្មចំពោះក្លឹបបាល់ទាត់ Juventus នៅពេលនេះគឺត្រូវបានធ្វើឡើងបានក្រោយគេបានរកឃើញថា ក្លឹបសេះបង្កង់បានធ្វើសកម្មភាពបំពានទៅនឹងច្បាប់នៃការទិញ-លក់កីឡាករកាលពីរដូវកាលមុន ហើយក្លឹបបានធ្វើសកម្មភាពខុសឆ្គងនេះដដែលៗជាច្រើនដងដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: