PR

ស្រុកខ្មែរ! ពង្រួល កំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ប្រកួតសោះ

BY
Liny Chan
January 31, 2023

ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបាន ទៅលើពង្រួល កំពង់ស្ពឺយកឈ្នះ លើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។

ការប្រកួតនៅវគ្គ Grand Final នេះ ពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះ ក្រុមភ្នំពេញបានយកឈ្នះ លើ ក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយ ការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់ សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះ ហើយទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជា មិនពេញ សាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។

តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាសអម ជាមួយប្រាក់រង្វាន់ ៥០០០ ដុល្លារផង នោះគឺពិតជាជក់ចិត្តមែនទែន។ កំពង់ស្ពឺជាអ្នកនាំមុខមួយ សិតមុនតែក៏ត្រូវភ្នំពេញតាមទៅតាមមក ដែលអូសការប្រកួតដល់សិតទី៥ ឯណោះ។ នៅសិតចុងក្រោយ នេះ ហើយក្រុមកំពង់ស្ពឺ ដែលមាន យន់ រាជ ចិត្រ និង ទូច អង្គរក្ស ធ្វើបានល្អជាង និងយកឈ្នះ ក្នុងលទ្ធផល ១៥-១២។ ចុងបញ្ចប់ ក្រុម ជើងឯកពានរង្វាន់ Slamball បានទៅលើពង្រួលកំពង់ស្ពឺយកឈ្នះ ភ្នំពេញ ៣ សិត ទល់នឹង ២ សិត។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ តាំងពីប្រកួតរយៈពេល ៣ខែ និងមាន ៨ក្រុម ចូលរួមនេះ ក្រុមរបស់លោក ឆាស្មីត ដែលគេ ហៅ ក្រៅថា អធិរាជ កំពូលឆានោះ លេងមិនដែលចាញ់ក្រុមណានោះទេ។ ពួកគេបំបាក់ជើងខ្លាំងព្រៃវែងដែលមាន ឌូក ក្ដី ហើយឈ្នះ ទាំង សៀមរាបដែលមានបន្ទាយ ឈើ និង អធិរាជ កំពូលបាំង វ៉ា ថែមទៀត មុនមកផ្ដល់ មេរៀន ដល់ភ្នំពេញដែលជាក្រុម ធី ម៉េងហ៊ួង នេះ។

សម្រាប់ប្រាក់រង្វាន់ និងលើកចិត្តមានដូចខាងក្រោម៖ លេខ ១ ក្រុម ពង្រួល កំពង់ស្ពឺ ទទួលបាន មេដាយ មាស និង ប្រាក់ រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥កេស លេខ២ ត្រីឆ្លាំង ភ្នំពេញទទួលបានប្រាក់រង្វាន់ ៣ ពាន់ ដុល្លារ Anchor White ១០កេស និង Anchor Smooth ១០កេស លេខ ៣ ដំរី សៀមរាប ទទួលបានប្រាក់ រង្វាន់ ១៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

Share This Post: