អន្តរជាតិ

អាជ្ញាធរថៃសម្រេចបិទសាលាជាច្រើនកន្លែងនៅក្រុងបាងកក ក្រោយមានពលរដ្ឋជាង៣៧ម៉ឺននាក់រងគ្រោះថ្នាក់ដោយបញ្ហាខ្យល់កខ្វក់

BY
Pheakdey
February 4, 2023

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចបិទសាលារៀនជាច្រើនកន្លែងទៅក្នុងទីក្រុងបាងកក ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៤ ខែមករានេះ។ ការសម្រេចបិទសាលារៀនជាប​ន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពេលអាជ្ញាធរសុខាភិបាលបានរកឃើញថា មានពលរដ្ឋជាង ៣៧០ ០០០នាក់បានរងគ្រោះថ្នាក់ពីបញ្ហាធម្មជាតិមួយនេះ ពោលគឺពួកគេបានធ្លាក់ខ្លួនឈឺ។

សូមបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃនៅពេលនេះ គឺជាស្ថានភាពដែលនៅក្នុងខ្យល់មានផ្ទុកនូវលម្អងធូលីក្នុងកម្រិតរហូតដល់ PM2.5 ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា បញ្ហានេះអាចនឹងបន្តវាយប្រហារនៅក្នុងប្រទេសថៃរហូតដល់សប្តាហ៍ក្រោយឯនោះ។​ ចំពោះទីកន្លែងដែលទទួលរងឥទ្ធិពលខ្លាំងជាងគេនោះគឺទីក្រុងបាងកក និងខេត្តចំនួន ១៧ ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេស។ យ៉ាងណាក្តី បញ្ហានេះអាចនឹងថយចុះវិញបន្តិចនៅអំឡុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ហើយរហូតដល់អំឡុងថ្ងៃទី ៧ និងទី៨ ខែកុម្ភៈទើបបរិយាកាសអាចត្រលប់មកដូចធម្មតាវិញ ពោលគឺស្ថិតនៅក្នុងកម្រិតមានសុវតិ្ថភាពជាប្រក្រតី៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: