វិបត្តិខ្ទឹមក្រហមនៅហ្វីលីពីន ជម្រុញឲ្យហាងមួយកន្លែងអនុញ្ញាតឲ្យអតិថិជនអាចយកខ្ទឹមក្រហមមកទិញអីវ៉ាន់ជំនួសលុយសុទ្ធបាន
- BY
- Liny Chan
- February 4, 2023
ហ្វីលីពីន៖ ហាងលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីនបានសម្រេចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើប្រាស់ខ្ទឹមក្រហមជំនួសលុយសុទ្ធបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃទី ៣ ខែកុម្ភៈម្សិលមិញនេះ។ ហាងលក់ទំនិញមួយកន្លែងនេះមានឈ្មោះថា Japan Home Centre ជាហាងលក់សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដែលជាផលិតផលនាំចូលមកពីប្រទេសជប៉ុន។
យោងតាមសេចក្តីជូនដំណឹងរបស់ហាងខាងលើនេះបានបញ្ជាក់ថា ហាងនឹងទទួលទូរទាត់រាល់ការចំណាយលើការទិញទំនិញមួយចំនួនតាមរយៈ សាច់ប្រាក់ កាក់ និងខ្ទឹមក្រហម ខណៈរបៀបនៃការទូទាត់ការចំណាយថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅហ្វីលីពីន។ គួរបញ្ជាក់ជូនថា មួយរយៈចុងក្រោយនេះការនាំខ្ទឹមក្រហមចូលទៅក្នុងប្រទេសហ្វីលីពីនកំពុងមានបញ្ហា ហើយកត្តានេះបានធ្វើឲ្យតម្លៃខ្ទឹមក្រហមនៅក្នុងទីផ្សារនៃប្រទេសហ្វីលីពីនត្រូវកើនឡើងរហូតដល់ ៦០០ ប៉េសូ (ជាង ១១ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈអត្រាកំណើតនេះគឺមានការកើនឡើងប្រមាណជា ៦០០% បើធៀបទៅនឹងតម្លៃធម្មតានាពេលកន្លងមក៕
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post: