រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលើកុមារីម្នាក់នៅខេត្តព្រៃវែង
- BY
- Naren
- February 22, 2023
កុមារីម្នាក់អាយុ១១ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីបានឆ្លងជំងឺផ្តាសាយបក្សី H5N1 ដែលករណីនេះបានកើតឡើងនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នេះបើយោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងថាកុមារីរូបនេះចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋាន មិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ។
ក្រសួងក៏បានធ្វើការអំពាវសូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥៕
- Share This Post: