ផ្លាកលេខផ្ទាល់ខ្លួនពិសេស កម្ពុជា 168 តម្លៃជិត២០ម៉ឺនដុល្លារ មិនទាន់មានអ្នកទិញនៅឡើយ
- BY
- Naren
- March 8, 2023
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាផ្លាកលេខផ្ទាល់ខ្លួនពិសេស កម្ពុជា 168 តម្លៃជិត២០ម៉ឺនដុល្លារ មិនទាន់មានអ្នកទិញនៅឡើយ។
ឯកឧត្តមបានមានប្រសាសន៍បែបនេះក្នុងឱកាសពិធីអបអរសាទរខួប៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារ វត្តបទុមវតី កាលពីថ្ងៃទី ៧ មីនា ២០២៣។
ឯកឧត្តមបានមានប្រសាសន៍ថា លេខផ្ទាល់ខ្លួនពិសេស លេខហុងស៊ុយ កម្ពុជា ១៦៨ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ នៅមិនទាន់មានអ្នកទិញនៅឡើយ ហើយលេខ 168 មួយនេះបើនៅហុងកុងវិញអាចលក់បានតម្លៃ ៣ទៅ៤លានដុល្លារឯណោះ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះទិញ លេខពិសេសផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់បានពេញមួយជីវិត ទោះប្តូររថយន្តក៏ដោយ។
“លេខពិសេសផ្ទាល់ខ្លួន” ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ បងប្អូនអាចចូលរួមគាំទ្របន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕
- Share This Post: