SEA GAMES

ឧកញ៉ា ស្រី ចាន់ថន បង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោក រួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯកចំនួន ៤ ខណៈក្លឹបកីឡាគុនខ្មែរនឹងលេចរូបរាងឆាប់ៗនេះ

BY
srey nuch
March 17, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយដំណឹងល្អ បានឱ្យដឹងថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិ នឹងលេចរូបរាងក្នុងពេលដ៏ឆាប់ៗខាងមុខនេះ​ ដោយក្លឹបអន្តរជាតិមួយនេះមានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ។

ក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់យើងបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ឈ្មោះនេះក៏ដោយសារតែខ្ញុំចង់ឲ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លឹបរបស់យើងនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសរបស់យើងក៏ដូចជានាំកីឡាកររបស់ខ្មែរយើងទៅប្រកួតនៅក្រៅប្រទេសផងដែរ។ »

លើសពីនេះទៅទៀត ខ្ញុំបានបង្កើតខ្សែរក្រវ៉ាត់កម្រិតពិភពលោកមួយទៀតដែលបានរួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។ តើបងប្អូនមានយោបល់បែបណាដែរ ចំពោះរចនាបថខ្សែរក្រវ៉ាត់អន្តរជាតិមួយនេះ? សូមបងប្អូនធ្វើការខមិននៅខាងក្រោម Post មួយនេះ ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: