អន្តរជាតិ

អង់គ្លេសសម្រេចហាមឃាត់មិនឲ្យរដ្ឋមន្ត្រីខ្លួនយកទូរស័ព្ទនៅកន្លែងធ្វើការប្រើប្រាស់បណ្តាញសង្គម TikTok

BY
Pheakdey
March 17, 2023

អង់គ្លេស៖ ប្រទេសអង់គ្លេសបានសម្រេចធ្វើការហាមឃាត់មិនឲ្យរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់ខ្លួនយកទូរស័ព្ទនៅកន្លែងធ្វើការទៅប្រើប្រាស់បណ្តាញសង្គម TikTok ឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនានេះ។ បើតាមលោក Oliver Dowden រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្រ្តីអង់គ្លេសបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះគឺជាវិធានការដែលមានលក្ខណៈជាការប្រុងប្រយ័ត្ន តែវិធានការនេះនឹងត្រូវចូលជាធរមានភ្លាមៗតែម្តងក្រោយការជូនដំណឹងនេះ។

ប្រភពខាងលើបានបន្តថា ហេតុផលតែមួយគត់ដែលជម្រុញឲ្យមានការហាមឃាត់ខាងលើនេះ គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលអង់គ្លេសពីការលួចតាមដានឬយកការសម្ងាត់ពីសំណាក់កម្មវិធី TikTok ដែលជាកម្មវិធីរបស់ចិន។ ភ្លាមៗក្រោយមានការជូនដំណឹងខាងលើនេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានបញ្ចេញប្រតិកម្មថា ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសគឺមានលក្ខណៈជារឿងនយោបាយ​ ច្រើនជាងផ្អែកលើស្ថានភាពជាក់ស្តែង។ គួរកត់សម្គាល់ ក្រៅតែពីអង់គ្លេស ប្រទេសនូវែលសេឡង់ក៏បានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម TikTok នៅក្នុងចំណោមឧករណ៍អេឡិចត្រូនិចនៅក្នុងរដ្ឋសភារបស់ខ្លួនដែរកាលពីព្រឹកមិញនេះ ខណៈការសម្រេចនោះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលដូចគ្នា ពោលគឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖  BBC

Share This Post: