អន្តរជាតិ

ការសិក្សាមួយបានបង្ហាញថា ពលរដ្ឋប្រភេទ Gen Z នៅតំបន់អាស៊ីជាង ៥០% កំពុងមានបញ្ហាសតិអារម្មណ៍នៅកន្លែងបំពេញការងាររបស់ពួកគេ

BY
Pheakdey
March 18, 2023

ការសិក្សាមួយបានបង្ហាញថា មានពលរដ្ឋប្រភេទ Gen Z នៅតំបន់អាស៊ីជាងពាក់កណ្តាលកំពុងរងផលប៉ះពាល់សតិអារម្មណ៍ ឬមានអារម្មណ៍មិនល្អនៅកន្លែងបំពេញការងារបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន AXA ដែលជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅក្នុងប្រទេសបារាំង ខណៈការសិក្សាខាងលើនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ២០២៣”។

ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សារបស់ក្រុមហ៊ុន AXA ខាងលើនេះគឺគេបានផ្តោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិក ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនក្រោយកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អនៅក្នុងការបំពេញការងាររបស់ពួកគេ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ របាយការណ៍នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីនោះគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេ។ សូមបញ្ជាក់ជូនថា Gen Z គឺជាភាសាបច្ចេកទេស ដែលគេប្រើសំដៅទៅលើក្រុមពលរដ្ឋមានអាយុចន្លោះពី ១៨-២៤ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

Share This Post: